ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកទឹកចិត្តប្រជាកសិករ សហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីពង្រឹង និងពង្រីក ការដាំដុះបន្លែសុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារ កាន់តែល្អប្រសើរ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលើកទឹកចិត្តប្រជាកសិករបានលើកទឹកចិត្តដល់ប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ ដោយសហការជាមួយក្រុមហ៊ុនផ្សារបន្លែខ្មែរ ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រប់គ្រាន់និងទៀងទាត់ ព្រមទាំងរក្សាតម្លៃបានល្អប្រសើរ។ ពិធីនេះ បានធ្វើឡើងនាថ្ងៃទី២៤ មករា ២០២១ នៅខេត្តកំពង់ធំ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីធ្វើការណែនាំក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពមួយដែលពិតប្រាកដ ដែលកើតចេញពីកិច្ចសហការរវាងធនាគារអេឌីប៊ី ដែលជាធនាគាររបស់រដ្ឋ និងតំណាងខាងឯកជន ដើម្បីធ្វើជាភ្នាក់ងារមួយទទួលទិញបន្លែសុវត្ថិភាពពីបងប្អូនក្នុងតំលៃទីផ្សារមួយពិតប្រាកដ និងតាមតំលៃដែលបានព្រមព្រាងគ្នាក្នុងកិច្ចសន្យា។ 

ឯកឧត្តមបញ្ជាក់ថា បញ្ហាធ្លាក់ថ្លៃកសិផល ដោយសារឈ្មួញកណ្តាល , ការនាំចូលបន្លែដែលគ្មានប្រភពច្បាស់លាស់ និងមានសាធាតុគីមី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការផលិត ការដាំដុះបន្លែរបស់បងប្អូនក្នុងស្រុក ដូចនេះដើម្បីរកដំណោះស្រាយកុំអោយបញ្ហានេះកើតឡើងដដែលៗ ឯកឧត្តម កៅ ថាច បានស្នើឱ្យបងប្អូនកសិករ សូមគិតគូររៀបចំអោយមានផែនការដាំដុះ  (គិតគូរដល់តំលៃដើមដើម្បីផលិត មាន ជី ថ្នាំ ថ្លៃភ្ជូរ ពូជ …) ,ផែនការផលិត និងតម្រូវការលើទីផ្សារ ,និងផែនការលក់ ដែលមានលទ្ធភាពចំណេញបានខ្ពស់ និងផ្គត់ផ្គង់មានស្ថេរភាព ដោយជៀសវាង ការផលិត ការដាំដុះដែលជុញ (លើសតម្រូវការ) លើទីផ្សារដែលធ្វើឱ្យការលក់ធ្លាក់ថ្លៃ និងការបង្អាប់តំលៃជាដើម។ ឯកឧត្តមបន្តលើកទឹកចិត្តអោយបងប្អូនដាំដុះបន្លែប្រកដោយគុណភាព និងគ្មានសាធារធាតុគីមី ដើម្បីចូលរួមលើកកំពស់សុខមាលភាពអ្នកប្រើប្រាស់ ហើយក៏ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស និងគ្មានប្រភព ឯកឧត្តម បន្តស្នើសុំដ៏ទទូច ដល់បងប្អូនកសិករ សូមរៀបចំផែនការដាំដុះ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវដើម្បីផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ចូលទីផ្សារ។

ក្នុងករណីបងប្អូនអាចធ្វើបាន បន្លែរបស់បងប្អូន នឹងមានតំលៃ ក្នុងនោះ ឯកឧត្តមស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្ម ឬ ជាបណ្តុំផលិតតាមតំបន់  ដោយដាក់ផែនការដាំដុះបន្លែតាមប្រភេទខុសៗគ្នា ពីតំបន់១ទៅតំបន់១ ( គួរធ្វើការបែងចែកទៅតាមប្រភេទបន្លែ ) ដោយជៀសវាងកុំឱ្យមាមការដាំដុះជាន់គ្នា ដែលជាដើមចម ធ្វើឱ្យធ្លាក់ថ្លៃនៅពេលប្រមូលផល ។ ទន្ទឹមនេះ ដើម្បីជំរុញកំណើនការដាំដុះបន្លែសុវត្ថិភាពនៅក្នុងខេត្តកំពង់ធំ  ក៏ដូចជាជួយដោះស្រាយបញ្ហាតម្រូវការទុនដើម្បីផលិត ឯកឧត្តម កៅ ថាច  បានធ្វើការផ្សព្វផ្សាយអំពីព័ត៌មានឥណទានរបស់ អេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់ទាប ជូនដល់បងប្អូនកសិករ និងលើកទឹកចិត្តឱ្យបងប្អូនធ្វើការទាក់ទងទៅ អេអឌីប៊ី ឬភ្នាក់ងាររបស់អេអឌីប៊ីប្រចាំខេត្តកំពង់ធំ ដើម្បីធ្វើការស្នើសុំឥណទានយកមកពង្រីកការដាំដុះបន្លែបាន។ ឯកឧត្តម បានបន្ថែមទៀតថា ធនាគារអេអឌីប៊ី ពេញចិត្ត និង រីករាយសហការជាមួយបងប្អូនដើម្បីលើកកំពស់ជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

នៅក្នុងឪកាសនោះដែរ លោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែខ្មែរ លោកស្រីបានឱ្យដឹងថាគោលបំណងនៃការរៀបចំកម្មវិធីក៏ដើម្បីផ្សព្វផ្សាយអំពីព៍ត៌មានទីផ្សារបន្លែសុវត្ថភាព និងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាពលើទីផ្សារ ។ លោកស្រីបានបន្ថែមទៀតថា  ដោយបច្ចុប្បន្នបញ្ហាតម្រូវការបន្លែសុវត្ថភាពលើទីផ្សារមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនអាចឆ្លើយតបបានទាន់ពេលវេលាឡើយ។ អាស្រ័យហេតុនេះ តាមរយៈវេទិការនេះ លោកស្រីតំណាងក្រុមហ៊ុនសូមលើកទឹកចិត្តដល់កសិករ ដាំដុះបន្លែសូម ធ្វើការពង្រឹងការដាំដុះប្រកបដោយគុណភាព និងស្នើសុំកិច្ចសហការជាមួយក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញបន្លែតាមតំលៃទីផ្សារពីបងប្អូនកសិករ។

គួរបញ្ជាក់ផងដែរថា កម្មវិធីជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ ដែលរៀបចំឡើងនៅខេត្តកំពងធំ នាឪកាសនោះ មានប្រជាកសិករចូលរួមប្រមាណជិត២០០នាក់។ អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ លោក កាន់ សាឡន ក៏មានវត្តមានក្នុងកម្មវិធីនោះផងដែរ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner