រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរុះរើសំណង់អត់ច្បាប់នៅគល់ស្ពានព្រែកសំរោង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះទៅណែនាំ និងចេញលិខិតជូនដំណឹងហាមសាងសង់ចំនួន៣លើក ហើយម្ចាស់ទីតាំងមិនអនុវត្តតាមរួចមក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជំនាញចុះទៅរុះរើចេញពីដីចំណីផ្លូវសាធារណៈ បានធ្វើអោយម្ចាស់សំណង់មានការខឹងសម្បារ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីមិនសមរម្យមកលើកម្លាំងចម្រុះពេលចុះអនុវត្តវិធានការរដ្ឋបាល ។

លោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ ដែលដឹកនាំកម្លាំងជំនាញចុះរុះរើសំណង់សង់លើដីចំណីផ្លូវបានប្រាប់ថា មុនពេលកម្លាំងជំនាញចាត់វិធានការរដ្ឋបាលនៅថ្ងៃនេះ គឺផ្តើមចេញពីម្ចាស់ទីតាំងមានឈ្មោះ បូ យ៉េង មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះឡើយ ។  រដ្ឋបាលខណ្ឌបានចុះមកណែនាំ២លើក និងចុងក្រោយចេញសេចក្តីជូនដំណឹងម្តងទៀត ដើម្បីហាមសាងសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ តែម្ចាស់សំណង់មិនស្តាប់នោះឡើយ នៅតែបំពានសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ ។ ផ្តើមចេញពីការមិនគោរពតាមការណែនាំនេះហើយ ទើបរដ្ឋបាលខណ្ឌច្បារអំពៅបានចាត់វិធានការរដ្ឋបាលចុះរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ។

លោកអភិបាលរងបានបន្តថា ទៅថ្ងៃខាងមុខទីតាំងដែលសាងសង់សំណង់អត់ច្បាប់នេះស្ថិតក្នុងប្លង់គោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ដែលត្រូវ ពង្រីកផ្លូវអោយធំទូលាយទាំងសងខាង  ដូច្នេះចាប់ពីពេលនេះរាល់សំណង់ទាំងដែលសាងសង់នៅអមសងខាងផ្លូវ ត្រូវអនុវត្តការសាងសង់តាមប្លងគោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ទើបអនុញ្ញាតិអោយសាងសង់ ។

នៅពេលក្រុមការងារថ្នាក់ជាតិចាប់ផ្តើមអនុវត្តគម្រោងពង្រីកផ្លូវនៅអមសងខាង ស្ពានព្រែកសំរោងនិងចាប់ ពីគល់ស្ពានព្រែកសំរោង ទៅដល់ផ្លូវជាតិលេខ១ រាល់សំណង់ដែលសង់រំលោភយកដីចំណីផ្លូវ និងត្រូវរុះរើចេញទាំងអស់ដោយគ្មានសំណងនោះឡើយ ៕ សណ្តោស

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner