ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះពិនិត្យមើលទីតាំងភូមិសាស្ត្រ ដើម្បីរៀបចំប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទមួយចំនួន នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ អមដំណើរដោយឯកឧត្តម មាស វណ្ណា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ឧត្តមសេនីយ៍ឯក គង់ មុន្នី មេបញ្ជាការរងកងទ័ពជើងអាកាស ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការបញ្ជាការដ្ឋានការពារដែនអាកាស ព្រមទាំងឯកឧត្តម អស់លោក ជានាយរងសេនាធិការចំរុះ និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ និង កងទ័ពជើងអាកាស បានអញ្ជើញចុះពិនិត្យមើលទីតាំងភូមិសាស្ត្រ ដើម្បីរៀបចំកសាងប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទមួយចំនួន នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលទីតាំង ដើម្បីរៀបចំប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរភូមិន្ទ នាឱកាសនោះបន្ទាប់ពីបណ្តាមេបញ្ជាការទ័ពជំនាញរាយការណ៍អំពីស្ថានភាព ទីតាំងភូមិសាស្រ្តនឹងលក្ខណ:បច្ចេកទេស ដែលត្រូវរៀបចំកសាងប្រព័ន្ធទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់កងយោធពលខេមរភូមិនរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែនាំដល់បណ្តាមេបញ្ជាការ ទ័ពជំនាញទាំងអស់ ពិសេសអាជ្ញាធរដែនដី ត្រូវការពារទីតាំងតំបន់ភ្នំនេះ ឲ្យបានគត់មុត ដើម្បីឲ្យអង្គភាពទ័ពជំនាញដំណើការរៀបចំ ទីតាំងយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរភូមិន្ទ កុំឲ្យមានការទន្ទ្រាន ឬចាប់យកដីរដ្ឋខុសច្បាប់ថែមទៀត ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់មេបញ្ជាការទ័ពជំនាញ ដែលមានភារកិច្ច ក្នុងការសិក្សាអំពីភូមិសាស្ត្រ ដើម្បីរៀបចំសាងសង់ ទីតាំងយុទ្ធសាស្ត្រនេះ ត្រូវសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានប្រព័ន្ធផ្លូវឡើងភ្នំ ប្រព័ន្ធភ្លើង ទឹក និងទីតាំងសម្រាប់ធ្វើរោងដាក់សម្ភារៈជំនាញ និងការរៀបចំប្រព័ន្ធលេណដ្ឋានការពារសុវត្ថិភាពជាដើម ។ ជាមួយគ្នានេះដែរ បណ្ដាលមេបញ្ជាការទ័ពជំនាញដែលពាក់ព័ន្ធផ្ទាល់ ក៏ត្រូវយកចិត្តទុកដាក់សិក្សាអំពីលក្ខណៈបច្ចេកទេស ហ្នឹងអំពីយុទ្ធសាស្ត្រក្នុងការរៀបចំ ទីតាំងនេះ ឲ្យស្របទៅតាមបទរដ្ឋានលក្ខណៈបច្ចេកទេស សម្រាប់សព្វាវុធ និងសំភារៈបច្ចេកទេស ដែលបម្រើឲ្យយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទ ។

ពិសេសពិនិត្យពិច័យឱ្យបានដិតដល់អំពីប្រព័ន្ធបច្ចេកទេស ដែលក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិ នឹងត្រូវធ្វើការបំពាក់នៅពេលខាងមុខនេះ ។ ដោយធ្វើយ៉ាងណាធានាឲ្យបាន ទាំងទីតាំង និងលក្ខណៈបច្ចេកទេសប្រកបដោយស្តង់ដារ និងប្រសិទ្ធភាពក្នុងវិស័យការពារជាតិរបស់កម្ពុជា ធានាបាននូវគុណភាព ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែនាំដល់ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវរួមសហការគ្នាឲ្យបានជិតស្និទ្ធ  ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពលើគម្រោងផែនការនេះ ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ដើម្បីដំណើការរៀបចំកសាងទីតាំងនេះឱ្យបានទាន់ពេលវេលា និងគម្រោងស្នើសុំ នូវបញ្ហានានា ក្នុងការរៀបចំកសាងទីតាំងនេះឲ្យទទួលបានជោគជ័យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner