មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បង្ហាញទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៥ចំណុចក្នុងករណីសំណុំរឿងអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅលើទំព័រហ្វេសប៊ុករបស់លោកបានសរសេរថា៖ ដោយមានការស្នើសុំពីអ្នកសារព័ត៌មាន លោកបានលើកឡើង៥ចំណុច អំពីទិដ្ឋភាពច្បាប់និងបច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា ថាតើហេតុអ្វីបានសវនាការសំណុំរឿងផ្សេងអាចបន្តដំណើរការទៅបាន ហើយសំណុំរឿង កឹម សុខា បែរជានៅតែអូសបន្លាយពេលវេលាទៅវិញ។ ទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាពទាំង៥ ចំណុចរួម៖

មានទី១ សំណុំរឿង កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។

ទី២ លោក កឹម សុខា បាននិងកំពុងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនយ៉ាងពេញលេញតាមផ្លូវច្បាប់ ដោយមានមេធាវីការពារដល់ទៅ ៥ រូប។

ទី៣ សវនាការលើករណី កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់។ ឧទាហរណ៍ ករណីការពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងជា Video Clip ដែលមេធាវីរបស់ កឹម សុខា អះអាងថាជា Video មិនពិត។ ប៉ុន្តែ ក្រោយពេលផ្ទៀតផ្ទាត់ បង្ហាញថា Video Clip ដែលផ្តល់ដោយមេធាវីរបស់ កឹម សុខា គឺដូចគ្នានឹង Video Clip ដែលជាភស្តុតាងនៅក្នុងសំណុំរឿង។ ខ្លឹមសារជារួមនៃ Video Clip នោះ លោកកឹម សុខា បាននិយាយថា “គាត់ត្រូវបានរៀបចំ បណ្តុះបណ្តាល និងឧបត្ថម្ភ គាំទ្រដោយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា”។

ទី៤ ប្រសិនបើករណីបែបនោះ កើតឡើងនៅប្រទេសផ្សេង ហើយប្រទេសទាំងនោះ ក៏នឹងអនុវត្តវិធានការច្បាប់ដូចករណីកម្ពុជាផងដែរ។ ឧទាហរណ៍ ករណីមានការចោទប្រកាន់ថា Donald Trump បានចូលដៃជាមួយ Russia ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏សហរដ្ឋអាមេរិកបាននិងកំពុងចាត់ការស៊ើបអង្កេតផងដែរ។ ទី៥ ដោយករណី កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជាអាទិភាពនោះទេ។

អាទិភាពពិតប្រាកដ គឺការបើកសវនាការចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាងកុំឱ្យមានការឃុំខ្លួនហួសកាលកំណត់របស់ច្បាប់ ជាពិសេសស្របពេលដែលតុលាការកំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងគោលដៅឈានទៅរកការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ ហេតុដូចនេះ ប្រសិនបើ លោកកឹម សុខា ស្ថិតក្នុងការឃុំ នោះសវនាការសំណុំរឿងនោះក៏នឹងត្រូវយកមកចាត់ការជាអាទិភាពផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner