AIA Cambodia និងអង្គការផ្កាយសមុទ្រកម្ពុជា ចាប់ដៃគ្នាពង្រីកសកម្មភាពកីឡាបាល់ទាត់ នៅទូទាំងប្រទេសកម្ពុជា

អង្គការផ្កាយសមុទ្រកម្ពុជា និង AIA Cambodia បានប្រកាសចាប់ដៃគ្នាធ្វើការពង្រីក សកម្មភាពបាល់ទាត់ នៅទូទាំងប្រទេសកម្ពុជា ជំហានដំបូងគ្រោងរៀបចំនៅខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន នៅតាមបណ្តាខេត្តបានបញ្ចេញសមត្ថភាព និងទេពកោសល្យ ។


លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្រ មានប្រសាសន៍ថា ការប្រកួតលីគយុវជនវិលជុំ AIA អាយអេសអេហ្វ ឆ្នាំ២០២១ លីគបាល់ទាត់យុវជនកម្រិតមូលដ្ឋានធំជាងគេ ក្នុងប្រទេសកម្ពុជា នឹងត្រូវបានប្រារព្ធឡើងនៅទីលានបាល់ទាត់ វិសាលក្លឹប (Visal Club) ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ២០២១ ចាប់ផ្ដើមពីម៉ោង 8:30 នាទីព្រឹកតទៅ ដោយមានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួម ។
លោក ជឿជាក់ថា កម្មវិធីប្រកួតនេះ នឹងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារគណកម្មការជ្រើសរើសយកក្រុងបាត់ដំបង និងនៅជិតព្រំដែនរវាងប្រទេសកម្ពុជា-ថៃ រៀបចំប្រកួត ។

យុវជននៅតាមបណ្តាខេត្តមិនមានលទ្ធភាពគ្រប់គ្រាន់ចូលរូមប្រកួត ដូច្នេះវានឹងមានការទាក់ទាញយ៉ាងខ្លាំង ក្នុងការប្រកួតលីគ នៅទីនោះ ។ លោក យិន សាម៉ាឌី គូសបញ្ជាក់ទៀតថា តាមរយៈសកម្មភាពកន្លងមកនេះ យើងសង្កេតឃើញថា យុវជននៅខេត្តបាត់ដំបងស្រលាញ់បាល់ទាត់ ជាពិសេសរាល់សកម្មភាព កីឡា យើងឃើញមានមនុស្សជាច្រើនចូលរួមគាំទ្រដោយក្ដីសប្បាយរីករាយ ។


កញ្ញា ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានបង្ហាញអំពីផែនការពង្រីកវិសាលភាព ការប្រកួតលីគយុវជន (Youth League) ថា ផែនការ៥ឆ្នាំបន្ទាប់ របស់យើង គឺដើម្បីពង្រីកការប្រកួតលីគផ្ដល់ឱកាសដល់ក្មេងតតាមបណ្ដាខេត្តផ្សេងៗទៀត ក្នុងនោះខេត្តបាត់ដំបងជាខេត្តទីមួយ ។ កញ្ញា ពន្យល់ថា គោលបំណងរបស់យើង គឺផ្ដល់ឲ្យក្មេងៗ តាមខេត្តទទួលបានឱកាសចូលរួមការប្រកួតបាល់ទាត់នានា ដែលភាគច្រើនពួកគេមិនសូវមានឱកាស ។ កម្មវិធីនេះនឹងមានការចូលរូមបង្ហាញសមត្ថភាពប្រកួតពីក្រុមបាល់ទាត់ចំនួន៤០ក្រុម ដោយចែកចេញជា៤ប្រភេទ រួមមាន៖ យុវជនអាយុក្រោម ១០ឆ្នាំ បុរស យុវជនអាយុក្រោម១៤ឆ្នាំ បុរស-នារី និងនារីអាយុក្រោម ១៨ឆ្នាំ ។ នាយិការូបនេះ បានលើកឡើងទៀតថា អង្គការផ្កាយសមុទ្រកម្ពុជា (ISF) គ្រោងនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលផ្សេងជាមួយនឹងការប្រកួតលីគ តាមបណ្តាខេត្តផ្សេងៗគ្នា ទូទាំងប្រទេសប្រចាំឆ្នាំ ជំហានដំបូងចាប់ផ្តើមពីខេត្តបាត់ដំបង ដែលមានរយៈពេល១០សប្ដាហ៍ ប៉ុន្តែវាមិនមែនជាលើកទី១ ទេដែលអង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំសកម្មភាពនានានៅទីនោះ ។


កញ្ញា ជួប វិច្ឆិកា បន្តថា ក្រៅពីរៀបចំការប្រកួតបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា ក៏បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបាល់ទាត់ លើកម្មវិធីបាល់ទាត់សម្រាប់កែប្រែសង្គម ។ កម្មវិធីនេះបណ្ដុះបណ្ដាលគ្រូទាំងអស់ដើម្បីគាំទ្រ និងបង្រៀនដល់យុវជនអំពីបញ្ហាសង្គមនានា តាមរយៈការលេងបាល់ទាត់ ។ ប្រធានបទក្នុងការបណ្ដុះបណ្ដាលរួមមាន៖ ការជៀសវាងការប្រើប្រាស់គ្រឿងញៀន សមភាពយែនឌ័រ និងការដោះស្រាយជម្លោះដោយអហឹង្សា ។
សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា (AIA Cambodia) បានធ្វើការឧបត្ថម្ភការប្រកួតលីគយុវជន ចំនួន៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៨ ។ ការសហការនេះបានផ្ដល់ឲ្យក្មេងៗប្រុសស្រីដែលមិនមានការលើកកម្ពស់សិទ្ធិ ដើម្បីទទួលបានឱកាសក្នុងការលេងបាល់ទាត់ប្រកបដោយបរិយាកាសសប្បាយរិករាយ និងសុវត្ថិភាព ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner