ការស្ថាបនាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប សម្រេចបានជាង១០%ហើយ គិតមកដល់ថ្ងៃទី២៨មករាឆ្នាំ២០២១

គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ , លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃ២៨មករាឆ្នាំ២០២១ បានចុះពិនិត្យវឌ្ឍនភាពនៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ឆ្លងតាមការចុះពិនិត្យនោះបានបង្ហាញថា វឌ្ឍនភាពគិតពីពេលចាប់ផ្ដើមរហូតដល់ថ្ងៃទី២៨មករា ឆ្នាំ២០២១ សម្រេចបាន ១០,៤៣%ហើយ។ ក្នុងនោះ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ សម្រេចបាន ៩,៩៣%។ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ៤២ខ្សែ ប្រវែង៣៣,៦៤គីឡូម៉ែត្រ សម្រេចបាន២៩,៦៨%។ ទន្ទឹមនឹងនោះ ដើម្បីជាការរួមចំណែកលើកតម្កើងសោភណភាពនិងបរិស្ថានក្រុងសៀមរាបឡើងវិញ ប្រជាពលរដ្ឋ ៤២០គ្រួសារ នៃចំនួនគ្រួសារសរុប ៤៣០ ស្មើ ៩៧% បានស័្មគ្រចិត្តរុះរើសំណង់បណ្តោះអាសន្នរបស់ខ្លួន ចេញពីច្រាំងនិងដីចំណីស្ទឹងសៀមរាប តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ទៅតាំងទីលំនៅថ្មី។គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋាននៅថ្ងៃសទី៣០វិច្ឆិកាឆ្នាំ២០២០ ក្រោមអធីបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ខ្សែផ្លូវសរុបទាំង៣៨នោះមានប្រវែង ១០៨គីឡូម៉ែត្រ៧៤០ម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនោះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខ។ បន្ថែមពីនោះ ថវិការប្រមាណ ៩លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នោះ។ ជាមួយគ្នានោះសម្ដេចតេជោបានសម្រេចបង្វែរថវិកា ៥លានដុល្លា ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង៩ គីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តនោះផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner