ចិត្តចង្អៀតចង្អល់ ធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាក

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ធម្មជាតិនៃចិត្តមានឥទ្ធិពលលើអារម្មណ៍ និងបញ្ជារាល់សកម្មភាពនៃតួកាយទាំងឡាយបាន។ ចិត្តទូលាយ ចិត្តចង្អៀត ចិត្តនឹង អាស្រ័យលើបុគ្គលម្នាក់ៗចេះគ្រប់គ្រងចិត្ត និងទទួលយកគ្រប់រូបភាពបង្កើតចិត្តដែលកើតពីញាណផ្ទាល់ខ្លួន។ ចិត្តចង្អៀតធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាកស្មុគស្មាញ​​ ប៉ុន្តែបើមនុស្សសាកល្បងបើកចិត្តឱ្យទូលាយបន្តិច អ្វីៗគ្រប់យ៉ាងមិនមែនជាបញ្ហាទៀតឡើយ។

លោក នឹម ឈុន្នី នាយកក្រុមហ៊ុន VIPASSA មានប្រសាសន៍ថា “យើងត្រូវដឹងថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ គ្រប់គ្នាតែងមានកំហុសទោះតិចឬច្រើន។ កំហុសអាចលើកលែងបានប្រសិនបើមនុស្សព្រមបើកចិត្តឱ្យទូលាយទទួលយកគំនិតពីអ្នកដទៃ ដើម្បីកែលម្អចំណុចខ្សោយ ឬកំហុស។ គ្មានបញ្ហាណាធ្វើឱ្យយើងលំបាកនោះទេ បើចិត្តរបស់យើងមិនលំបាក”។

លោក នឹម ឈុន្នី មានប្រសាសន៍បន្តថា មនុស្សមួយចំនួនរស់នៅក្នុងផ្ទះធំស្គឹមស្កៃ ប៉ុន្តែចិត្តបែរជាគ្មានសេចក្តីសុខ។ ចំណែកឯមនុស្សមួយចំនួនផ្សេងទៀត ពួកគាត់នៅផ្ទះខ្ទមតូច តែក្រុមគ្រួសារបើកចិត្តទូលាយចេះយល់អាស្រ័យគ្នាទៅវិញទៅមក បែរជារស់នៅពោរពេញដោយសុភមង្គល។ លោកថា រូបភាពទាំងពីរនេះកើតឡើងដោយបុគ្គលចេះបើកចិត្តឱ្យទូលាយចំពោះមនុស្ស និងបរិស្ថាននៅជុំវិញខ្លួន។

អ្នកអប់រំសុខភាពផ្លូវចិត្តខាងលើ បានបន្តទៀតថា សេចក្តីសុខនិងសុភមង្គលស្ថិតនៅលើចិត្តជាអ្នកកំណត់ វាកើតមាននៅក្នុងខ្លួនមនុស្ស ដូចពាក្យចាស់បុរាណបានពោលថា “រកធម៌ក្នុងកាយ រកបាយនៅក្នុងឆ្នាំង”។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Stephen. R Covey អ្នកនិពន្ធសៀវភៅ 7 Habits of highly effectives people បានបញ្ចាក់ថា ក្នុងការរស់នៅមនុស្សគ្រប់រូបសុទ្ធតែជួបបញ្ហាជីវិត គ្រាន់តែស្ថិតក្នុងស្ថានភាពខុសគ្នាតែប៉ុណ្ណោះ។ មនុស្សខ្លះជួបបញ្ហាក្នុងជីវិត ក្លាយខ្លួនជាមនុស្សអន់ថយ រួញរា និងបាក់ទឹកចិត្ត ខណៈមនុស្សខ្លះទៀតអាចប្រឈមជាមួយនឹងបញ្ហា និងធ្វើឱ្យខ្លួនរីកចម្រើនបានគ្រប់កាលៈទេសៈថែមទៀតផង។

លោកថា បញ្ហាទាំងអស់នេះ អាស្រ័យលើផ្នត់គំនិតរបស់មនុស្ស។ កាលណាមនុស្សមានចិត្តគំនិតចង្អៀត ផ្តេកផ្តួលជាមួយនឹងបញ្ហា គាត់ប្រាកដជាមើលឃើញបញ្ហាទាំងអស់ជារឿងលំបាក ឬជារឿងធ្វើឱ្យជីវិតរបស់គាត់ជួបទុក្ខលំបាក។ ប្រសិនបើគាត់មានផ្នត់គំនិតវិជ្ជមាន នោះគាត់នឹងមើលឃើញបញ្ហាទាំងអស់ថាជាល្បោយជីវិតដែលជំរុញឱ្យគាត់កាន់តែរឹងមាំ ព្រមទាំងទាញយកផលប្រយោជន៍ពីវិបត្តិថែមទៀតផង។

លោក Stephen R. Covey បាននិយាយថា ៖ “គ្រប់គ្រងអាកាសធាតុក្នុងខ្លួនឱ្យបានល្អ (carry your own weather) ជាចំណុចសំខាន់ដែលធ្វើឱ្យមនុស្សម្នាក់ៗ រីកចម្រើនបានទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ” ។

អាកាសធាតុនៅទីនេះ លោកប្រៀបធៀបទៅនឹងបញ្ហាក្នុងជីវិត។ ជាទូទៅមនុស្សម្នាក់ៗតែងតែបន្ទោសរឿងខាងក្រៅខ្លួន ដោយអ្នកខ្លះបន្ទោសថាមកពីក្រុមគ្រួសារ មកពីសង្គម ឬមកពីអ្នកដទៃទើបធ្វើឱ្យគាត់លំបាក តែសម្រាប់អ្នកដែលអាចគ្រប់គ្រងខ្លួនឯងបានល្អ ភាគច្រើនគេមើលពីកត្តាខាងក្នុងវិញ។ គេអាចគិតថាប្រសិនបើលក្ខខណ្ឌគ្រួសារមិនអំណោយផល ឬស្ថានភាពអាក្រក់ណាមួយក្នុងសង្គមកើតឡើង គេនឹងធ្វើរឿងផ្សេងជំនួសវិញ ដើម្បីឱ្យគោលដៅរបស់គេសម្រេចបាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner