សមាគមកីឡាទូកក្រសួងមហាផ្ទៃ ដណ្តើមជើងឯក ពីការប្រកួតកីឡាទូក ជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» «ទូកកានូ-កាយ៉ាក់» និង«ទូករ៉ូអ៉ីង» ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០» ដែលបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ នៅទន្លេ ទីក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ចប់កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។



ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាមានប្រសាសន៍ថា សហព័ន្ធសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។




ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យវិស័យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា «ទូកនាគ» កាន់តែមានការអភិវឌ្ឍនោះ គឺទី១.ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។ ២.ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។ ៣.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។




៤.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។ ៥.ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។ ៦.ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនទៀត ។



ចំពោះលទ្ធផលប្រកួតវិញ ទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ផ្នែកបុរស លេខ១ បានលើសមគមកីឡាទូកក្រសួងមហាផ្ទៃ ផ្នែកនារី៖ លេខ១ សមាគមកីឡាទូកខេត្តកណ្តាល ។ រីឯទូកកានូ លេខ១ នគរបាលជាតិ កាយ៉ាក់ លេខ១ នគរបាលជាតិ និងរ៉ូអ៊ីងវិញ ចំណាត់ថ្នាក់លេខ១ នគរបាលជាតិ ៕
