អភិបាលខេត្តបាត់ដំបង ជាមួយតំណាងអង្គការខេមបូឌាវឹស៊ិន និងសមាគមខ្មែរនៅអូស្ត្រាលី នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងកំពុងជួបការលំបាក ចំនួន៦០០គ្រួសារ រស់នៅតំបន់ទន្លេសាប ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំប្រតិភូ រួមជាមួយអាជ្ញាធរស្រុកឯកភ្នំនិងម្ចាស់អំណោយតំណាង អង្គការខេមបូឌា វឺស៊ិន និងសមាគមខ្មែរនៅទីក្រុងស៊ីដនី រួមជាមួយនិងសប្បុរសជនរស់នៅប្រទេសអូស្ត្រាលីនិងកម្ពុជា តាមរយៈលោក ហ៊ ហាប់ អគ្គនាយរងក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកអំណោយជាស្បៀង រួមមានអង្ករទឹកត្រីទឹកស៊ីអ៊ីវ អំបិលស្ករសមួយចំនួន ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារកំពុងតែជួបការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកល ពីជម្ងឺកូវីដ-19កន្លងមក សរុបចំនួន៦០០គ្រួសារដែលរស់នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ពិធីចែកអំណោយនេះធ្វើឡើងក្នុងបរិវេណ វត្តសិរីរតនារាមអន្លង់សាគរ ហៅវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១កុម្ភៈឆ្នាំ២០២១នេះ។
តាមការគូសបញ្ជាក់ពីលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា៖ប្រជាពលរដ្ឋក្រីក្រទាំង ៦០០គ្រួសារ ដែលត្រូវបានទទួលនូវអំណោយជាស្បៀងអាហារពីអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនី និងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតខ្លាំងនៅថ្ងៃនេះពិតជាបានរួមចំណែកជួយរំលែកនូវការលំបាកជាមួយរដ្ឋបាលគ្រប់ថ្នាក់ទាំងស្រុកនិងថ្នាក់ខេត្ត នៅក្នុងឱកាសនេះ។ លោកអភិបាលស្រុកឯកភ្នំ បានចាត់ទុកការចែកអំណោយ នៅថ្ងៃនិងអាចជួយសម្រាលនូវជីវភាពខ្វះខាតបងប្អូនបានមួយរយៈ។លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា បងប្អូនដែលមកទទួលអំណោយទាំងនេះ គឺមកពីភូមិថ្វាង ចំនួន ១០០គ្រួសារ, ភូមិកំពង់ប្រហុក ១០០គ្រួសារ, ភូមិអន្លង់តាអ៊ួរ ១០១គ្រួសារ,ភូមិព្រែកទាល់ ១១៩គ្រួសារ, ភូមិក្បាលតោល ១២០គ្រួសារនិងប្រជាការពារ ចំនួន ៦០គ្រួសារ។
តាមរយៈលោក ហ៊ ហាប់ អគ្គនាយរងក្រុមហ៊ុន ជីហ្គៀ គ្រុប ជាតំណាង អង្គការខេមបូឌា វឺស៊ិននៅទីក្រុងស៊ីដនី និងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី បានបញ្ជាក់ឲ្យដឹងថាអង្គការរបស់ខ្លួនបានធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តនានាមួយចំនួន ដូចជា៖ ខេត្តកំពង់ស្ពឺ, ពោធិសាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ។និងតាមរយៈការចែកស្បៀងអាហារ ដល់ប្រជាជនក្រីក្រនិងកំពុងជួបការលំបាកក្នុងខេត្គគោលដៅទាំង៤ខាងលើសរុបជាង៧.០០០គ្រួសារ។ដោយឡែកក្នុងខេត្តបាត់ដំបង ចែកនៅស្រុកចំនួន៩ ស្មើនិង២.៧០០គ្រួសារ។លោកតំណាងអង្គការខេមបូឌាវឺស៊ិន ក៏បានឲ្យដឹងបន្ថែមថា៖អំណោយទាំងនេះ គឺអង្គការគ្រោងចែកជូនក្រោយទឹកជំនន់ តែដោយបញ្ហាប្រឈមពីកូវីដ19ទើបត្រូវពន្យាពេលរហូតមកដល់ថ្ងៃនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយនិងតាមរយៈប្រតិភូតំណាងអង្គការ ដែលបានចុះមកផ្ទាល់ និងបាននាំយក នូវអំណោយជាស្បៀងខាងលើ ដើម្បីផ្សារភ្ជាប់ពីសុខទុក្ខនិងពីជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ដើម្បីសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសឯកឧត្តមសេង យូអ៊ន់ ប្រធានក្រុមការងារចុះជួយស្រុកឯកភ្នំ ដែលបានឧបត្ថម្ភថវិកា២.០០០ដុល្លារចូលរួមក្នុងកម្មវិធីចែកអំណោយទីនោះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនិងជាប្រជានេសាទទាំងអស់ដែលរស់នៅក្នុងឃុំកោះជីវាំង “តំបន់បឹងទន្លេសាប”បន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លង កូវីដ-19។សូមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងបាននិងទប់ស្កាត់ពីការឆ្លង និងការចម្លងមេរោគកូវីដ-19 ដោយមិនត្រូវធ្វេសប្រហែសនៅតាមមូលដ្ឋានរបស់ខ្លួននិងក្រុមគ្រួសារបងប្អូននីមួយៗនោះទេ។ឯកឧត្តមក៏បានថ្លែងអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងស្រុកឯកភ្នំ ជាពិសេសរស់នៅតំបន់ព្រៃលិចទឹកនៃដែនអភិរក្សជីវៈចម្រុះបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ដែលរស់នៅនិងពឹងផ្អែកតែការប្រកបមុខរបរនេសាទ ដើម្បីចិញ្ចឹមជីវិតនោះ ត្រូវប្រកបរបរនេសាទឲ្យបានសមស្រប។ ត្រូវតែបញ្ឈប់ ពីការកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូន និងមិនត្រូវប្រព្រឹត្តការនេសាទខុសច្បាប់ ដែលច្បាប់ជលផលបានហាមឃាត់ដាច់ខាត។
គ្រប់អាជ្ញាធរនិងសហគមន៍ និងជំនាញក៏ត្រូវចុះអប់រំផ្សព្វផ្សាយ ជម្រុញដល់បងប្អូនប្រកបមុខរបរនេសាទបែបលក្ខណៈគ្រួសារ ដើម្បីរក្សានូវព្រៃលិចទឺក និងពូជត្រីពងកូនដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ជាមួយគ្នានេះដែរឯកឧត្តមបានប្រគេនបច្ច័យ ចំនួន៥០០ដុល្លារ ដល់ចៅអធិការវត្តអន្លង់តាអ៊ួរ ដើម្បីរួមចំណែកកសាងនូវសមិទ្ធផលនានា ក្នុងវត្តផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )