ក្រុមហ៊ុនអេមរុរ៉ាយស៍ បាននាំចេញអង្ករកម្ពុជា ប្រមាណជា ៥ម៉ឺន៣ពាន់តោន ទៅជាង៤០ប្រទេស ក្នុងឆ្នាំ២០២០

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ បានថ្លែងថា អេមរុរ៉ាយស៍ មានកិត្តិយស និងរីករាយទទួលនូវកិច្ចសម្ភាសន៍ ជាមួយនឹងទូរទស្សន៍អប្សរា ស្តីអំពីទិដ្ឋភាពជារួមនៃការនាំចេញអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០ ព្រមជាមួយនឹងសកម្មភាពការងារចម្បងៗរបស់អេមរុរ៉ាយស៍ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជាផងដែរ។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ បានលើកឡើង អំពីទីផ្សារអង្ករនាំចេញរបស់ក្រុមហ៊ុន ដែលមានជាង៤០ប្រទេស ក្នុងឆ្នាំ២០២០ ក្នុងនោះរួមមានប្រទេសក្នុង សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អាមេរិក កាណាដា ញូហ្សេឡេន ហុងកុង ជាដើម ដែលការនាំចេញទទួលបាននៅក្នុងបរិមាណ ៥៣,០០០តោន កើនឡើង១០ភាគរយ ធៀបនឹងឆ្នាំ២០១៩ បើទោះបីជាកម្ពុជាយើងជួបប្រទះនូវគ្រោះរាំងស្ងួតនៅខែកក្កដា ទឹកជំនន់នៅខែតុលា និងបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ឡើងតម្លៃថ្លៃ នៅចុងឆ្នាំ២០២០នេះក៏ដោយ។ ការណ៍នេះជាសញ្ញាបង្ហាញនូវភាពវិជ្ជមានគួរឱ្យកត់សម្គាល់មួយ សម្រាប់ការនាំចេញរបស់អេមរុរ៉ាយស៍ នៅក្នុងឆ្នាំ២០២០នេះ។

លោក កាន់ គន្ធី បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា អេមរុរ៉ាយស៍ នៅតែផ្តោតលើទីផ្សារអង្ករនាំចេញ ច្រើនជាងទីផ្សារលក់ក្នុងស្រុក ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងអង្ករនិរន្តភាព (SRP) ដែលយើងបាននិងកំពុងតែខិតខំប្រឹងប្រែងពង្រឹង និងពង្រីកបន្ថែម នូវការចុះកិច្ចសន្យាកសិកម្ម ដែលជាលទ្ធផល នៅក្នុងឆ្នាំ២០២០នេះ អេមរុរ៉ាយស៍ បានចុះកិច្ចសន្យាកសិកម្មជាមួយជិត៦០សហគមន៍ ដោយបានទទួលទិញស្រូវផ្ទាល់ពីសហគមន៍ទាំងនោះ ក្នុងបរិមាណជិត៥ម៉ឺនតោន និងក្រៅពីនោះ ដើម្បីបំពេញនូវតម្រូវការបញ្ជាទីផ្សារក្នុងការនាំចេញ អេមរុរ៉ាយស៍ក៏បានទិញអង្ករពីរោងម៉ាស៊ីនដៃគូ ចំនួនជិត៣០ក្រុមហ៊ុនផងដែរ។

លោកអគ្គនាយករង បានជំរាបជូនដល់អ្នកសារព័ត៌មាន ទាក់ទងទៅនឹងទិសដៅឆ្នាំ២០២១ថា អេមរុរ៉ាយស៍ ដាក់ផែនការបង្កើនការនាំចេញឱ្យបាន២០ភាគរយ។ នៅក្នុងកិច្ចសម្ភាសន៍នេះដែរ លោក ក៏បានរំលេចអំពីសាវតាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ផងដែរ ពោលគឺអេមរុរ៉ាយស៍បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដែលគិតមកទល់ឆ្នាំ២០២១នេះ គឺជាខួបគម្រប់១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងមានរោងម៉ាស៊ីនចំនួន៣ទីតាំង គឺនៅភ្នំពេញ បាត់ដំបង និងកំពង់ធំ។ ចំពោះរោងម៉ាស៊ីននៅភ្នំពេញ គឺផ្តោតលើការវេចខ្ចប់សម្រេច បាត់ដំបង ផ្តោតលើកិច្ចសន្យាស្រូវនិរន្តរភាព និងស្រូវសែនក្រអូប នៅកំពង់ធំផ្តោតលើស្រូវសរីរាង្គ។ ទាក់ទងនឹងលទ្ធភាពកិន និងសម្ងួតនៅរោងម៉ាស៊ីនរបស់អេមរុរ៉ាយស៍ខេត្តបាត់ដំបងអាចសម្ងួតបានក្នុងមួយថ្ងៃ៣៥០តោន ហើយអាចស្តុកទុកម្តងបាន២ម៉ឺនតោន (ក្នុងមួយឆ្នាំអាចស្តុកទុក ២ ទៅ៣ដង) ចំពោះរោងម៉ាស៊ីននៅខេត្តកំពង់ធំវិញ មានលទ្ធភាពសម្ងួតបាន១៥០០តោនក្នុងមួយថ្ងៃ ហើយអាចស្តុកទុក៥ម៉ឺនតោនក្នុងម្តង៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner