១ថ្ងៃនៅស្រុកបាគង គួរទៅលេងកន្លែងណាខ្លះ?

អត្ថបទដោយ៖
AMS

ស្រុកបាគងក្នុងរយៈចម្ងាយប្រមាណ១៥គម ពីក្រុងសៀមរាប មានកន្លែងទាក់ទាញមួយចំនួនដែលគ្រប់គ្នាមិនគួរមើលរំលងឡើយ។ មិនត្រឹមតែមានទេសភាពស្រស់ស្អាតនោះទេ ថែមទាំងអាចឲ្យអ្នករីករាយនឹងសកម្មភាពសប្បាយៗមិនងាយបានធ្វើនៅទីក្រុងផងដែរ…

អូខេ! អញ្ចឹងងាកមកមើលការណែនាំនូវដំណើរកម្សាន្តរយៈពេល១ថ្ងៃ នៅស្រុកបាគងខាងក្រោមជាមួយគ្នា…

ទស្សនាតំបន់រលួស (ប្រាសាទបុរាណចំនួន៣ ប្រាសាទបាគង លលៃ និងព្រះគោ)
មកលេងសៀមរាប ម៉េចនឹងអាចរំលងប្រាង្គប្រាសាទជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់យើងបានទៅ? ប្រាសាទនៅទីនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង អមដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។

ជិះទូកនៅកំពង់ភ្លុក
ក្រៅពីទស្សនាទិដ្ឋភាពរស់នៅរបស់ប្រជាជននៅតំបន់នេះ អ្នកក៏អាចគយគន់ទេសភាពនៅលើផ្ទៃទឹកបឹងដ៏ធំទូលាយ ក៏ដូចជាចូលអង្គុយសម្រាកលើផ្ទះលិចទឹកផងដែរ។ គួរបញ្ជាក់ផងដែរថា ទេសភាពនៅទីនេះ គឺខុសៗគ្នាទៅតាមរដូវកាល។

Credit : CSR Cambodia

ញ៉ាំបាយថ្ងៃត្រង់
(ជម្រើសទី១) នៅដងស្ទឹងរលួស
មានភោជនីយដ្ឋានមួយចំនួននៅតាមដងស្ទឹងតែម្តង​ ដែលភាគច្រើនជាលក្ខណៈកញ្ចុះអង្គុយលេងក្រោមម្លប់ឈើត្រជាក់ចិត្ត និងរឹតតែពិសេស មានកន្លែងអង្គុយពិសេស នៅលើក្បូនទៀតផង។ ចំណែក​ឯម្ហូបវិញ ភាគច្រើនសុទ្ធតែ ជាម្ហូបស្រែ តែរសជាតិឆ្ងាញ់កប់តាមបែបអាហារតំបន់។

(ជម្រើសទី២) នៅសហគមន៍ទេសចរណ៍បាគង ភូមិខ្ញុំ
សម្រាប់អ្នកចូលចិត្តថតរូបលេងច្រើន ព្រមទាំងចង់រីករាយនឹងសកម្មភាពច្រើនដូចជា ជិះទូកកម្សាន្ត ស្ទូចត្រី ថតតែងបុរាណ ស្តាប់ភ្លេងបុរាណ… គួរតែមកសម្រាកលំហែ និងរីករាយនឹងអាហារថ្ងៃត្រង់របស់អ្នកនៅទីនេះ។

លេងកីឡាបាញ់ធ្នូ
នៅទីនោះ មានទាំងធ្នូខ្មែរបុរាណ​ និងធ្នូសម័យ ជាមួយនឹងតម្លៃសមរម្យមែនទែនសម្រាប់ការលេងគិតជាម៉ោង។​ ហើយកុំបាច់បារម្ភអី បើសិនអ្នកមិនចេះ ឬមិនធ្លាប់លេងនោះ ព្រោះនឹងមានលោកគ្រូនៅចាំបង្ហាត់បង្រៀនស្រាប់។ ចង់ប្រាប់ដែរថា…នៅហ្នឹង មានស្ទាយថតវីដេអូឡើងឡូយផងដែរ បើបានទៅ កុំភ្លេចសួរលោកគ្រូណា៎!

***សម្រាប់អ្នកចង់សម្រាកមួយយប់ នៅទីនេះ ក៏មានបន្ទប់គេង និងលក្ខណៈជាតង់បុរាណលាយសម័យផងដែរ…

ញ៉ាំមាន់អាំងឆ្ងាញ់ពិសា
បើសិនចេញពីដើរលេងរាងហត់ ហើយនឹកឃ្លានទៀត កុំភ្លេចសាករសជាតិពិសេសនៃមាន់អាំងនៅក្នុងតំបន់នេះណា៎! ភាគច្រើន ក៏មានម្ហូបអាំងផ្សេងទៀតផងដែរដូចជា​កង្កែបបោក ត្រីអាំង គ្រឿងក្នុងអាំង ជាដើម។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner