ជំរុញការលក់របស់អ្នកជាមួយនឹងបណ្តាញសង្គមតាមរយៈវិធីសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាព
គ្រប់គ្នាបានប្រើប្រាស់បណ្តាញសង្គមក្នុងការបង្កើនទំនាក់ទំនងរវាងមិត្តភ័ក្ត អ្នកគាំទ្រ និងក្រុមគ្រួសារដែលរស់នៅឆ្ងាយពីគ្នាប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះវាបានក្លាយទៅជាឧបករណ៍សម្រាប់អាជីវកម្មដ៏មានសក្តានុពលបំផុតទៅវិញ ដែលមិនត្រឹមតែអាចជួយជំរុញការលក់នោះទេ វាថែមទាំងជួយធ្វើទីផ្សារ និងពង្រីកកេរ្តិ៍ឈ្មោះម៉ាកយីហោ(Branding)អាជីវកម្មបានយ៉ាងប្រសើរទៀតផង។
មនុស្សមួយចំនួនបានទាញយកពីប្រយោជន៍ពីបណ្តាញសង្គមក្នុងការជួយជំរុញការលក់ដោយទទួលបានជោគជ័យ
ខ្លាំងរហូតក្លាយជាសេដ្ឋី អ្នកខ្លះទៀតជោគជ័យមួយភ្លែតក៏បាត់ទៅវិញ អ្នកខ្លះទៀតមិនជោគជ័យសោះ ហើយជាពិសេសគឺនៅមានមនុស្សជាច្រើនទៀតមិនទាន់បានចាប់ផ្តើមវានៅឡើយ។
តើអ្នកចង់សាកល្បងវាជាមួយនឹងផលិតផលរបស់អ្នកមែនទេ? សូមសាកល្បងវិធីខាងក្រោមនេះ ប្រសិនបើអ្នកចង់ជំរុញការលក់របស់អ្នកនៅលើបណ្តាញសង្គម៖
1.កំណត់យកបណ្តាញសង្គម និងអតិថិជនរបស់អ្នក ៖ ជារឿងសំខាន់និងដំបូងគេដើម្បីជ្រើសរើសទីតាំងបណ្តាញសង្គមក្នុងការបង្កើតឱកាសនៃការលក់ផលិតរបស់អ្នក។ អ្នកមិនអាចចុះឈ្មោះលេងនៅ Instagram ហើយសង្ឃឹមថានឹងទទួលបានអាជីវកម្មប្រភេទអ្នកជំនួញ និងអ្នកជំនួញ B2B នោះឡើយ។ បើអ្នកជាក្រុមហ៊ុនផ្តល់សេវាកម្មជូនក្រុមហ៊ុនធំៗ នោះអ្នកគួរជ្រើសយក LinkedIn ហើយគួរជ្រើសយក Facebook បើអ្នកចង់ជួបអ្នកទិញដោយផ្ទាល់ B2C
2.សហការជាមួយនឹងមនុស្សមានឥទិ្ធពលនៅលើបណ្តាញសង្គម(Influencers) ៖ ផេក ឬគណនីមួយ ឬពីររបស់អ្នកមិនគ្រប់គ្រាន់ឡើយសម្រាប់ចែករំលែកព័ត៌មានអំពីផលិតផលក្នុងក្រុមហ៊ុន។ ដូចនេះការសហការគ្នាជាមួយនឹងក្រុមមនុស្ស ឬផេកដែលមានអ្នកតាមដានច្រើនគឺជាការបង្កើតឱកាសទីផ្សារ។ យើងអាចមើលឃើញជាក់ស្តែងនៅក្នុង Facebook បច្ចុប្បន្នអ្នកលក់អនឡាញធំៗមានទំនាក់ទំនងជាមួយនឹងតារា ឬ Vlogger និង Blogger ជាដើម
3.ធ្វើឲ្យអតិថិជនស្មោះត្រង់របស់អ្នកក្លាយជាជំនួយបង្កើនឥទ្ធិពលយីហោរបស់អ្នក ៖ ពេលខ្លះអ្នកមិនចាំបាច់ប្រើប្រាស់ Influencers ដើម្បីជួយជំរុញការលក់ និងបង្កើនចំណូលរបស់អ្នកនោះទេ ប៉ុន្តែអតិថិជនដ៏ស្មោះត្រង់របស់អ្នកដែលបានទទួលបានបទពិសោធដោយផ្ទាល់ជាមួយនឹងផលិតផលរបស់អ្នកគឺជាចលករពិតប្រាកដ។ ដូចនេះជាជាងចំណាយលើ Influencer អ្នកអាចដូរយុទ្ធសាស្ត្រមកអាស្រ័យជាមួយនឹងអតិថិជនរបស់អ្នកជាមួយនឹងការបញ្ចុះតម្លៃ ការផ្តល់ជូនកាដូពិសេសជាមួយនឹងការផ្តល់ជាមតិ (review)ល្អៗលើផេកជាដើម។
4.ចាយលុយផ្សព្វផ្សាយនៅលើបណ្តាញសង្គមតែម្តង ៖ បណ្តាញសង្គមជាទីកន្លែងដែលអ្នកប្រើប្រាស់រាប់លាននាក់ជារៀងរាល់ថ្ងៃ។ បើទោះបីជាអ្នកគិតថាគណនេយ្យ ឬផេករបស់អ្នកកំពុងទទួលបានការគាំទ្រច្រើនទៅហើយក្តី ប៉ុន្តែនៅមានមនុស្សជាច្រើនលាននាក់ទៀតប្រហែលជាមិនទាន់ដឹងសូម្បីតែស្គាល់ថា អ្នកជាក្រុមហ៊ុនប្រភេទអ្វី និងលក់ផលិតផលអ្វីឡើយ។ ដូចនេះការដកយកលុយមួយផ្នែកណាទៅធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលយើងហៅថា Boost នោះក៏ជារឿងដែលចាំបាច់បំផុតផងដែរ។
5.បង្កើនប្រជាប្រិយភាព ៖ សកម្មភាពផេក ឬគណនីរបស់អ្នកប្រចាំថ្ងៃគឺប្រៀបបានដូចជាមនុស្សដែលល្បីម្នាក់ដែលអ្នកគាំទ្រ ឬហៅថាជាអតិថិជនគោលដៅរបស់អ្នកនឹងអាចមើលឃើញអ្នកជារៀងរាល់ថ្ងៃ ដូចនេះការបង្កើតមាតិកាអប់រំល្អជុំវិញផលិតរបស់អ្នក ឬចែករំលែកព័ត៌មានមានប្រយោជន៍ពាក់ព័ន្ធផលិតផលរបស់អ្នកនឹងធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការសម្រេចចិត្តធ្វើការបញ្ជាទិញណាមួយនាពេលខាងមុខ៕