សមត្ថកិច្ចបង្ហាញពីល្បិចបោកប្រាស់យកប្រាក់របស់ជនល្មើស តាមរយៈ ការរាប់អាន សុំស្រឡាញ់ និងការបញ្ឆោតថាផ្ញើឥវ៉ាន់សម្ភារៈ ពីក្រៅប្រទេស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី២មករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

តាមរយៈសារគឺឃើញបុរសទាំងពីរនាក់នោះ មានឆាតមកជនជាតិខ្មែរដំបូងធ្វើជារាប់អាន បន្ទាប់មកសុំស្រលាញ់ដោយបន្លំខ្លួនធ្វើជាអ្នកមាន ហើយកុហកថាខ្លួនមានបញ្ហាត្រូវការលុយកាក់ដើម្បីបញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ទៅពួកគេ។ ខ្លះទៀត ប្រើល្បិចជាស្រលាញ់ហើយទិញរថយន្ត ឬរបស់មានតម្លៃមកហើយ ប៉ុន្តែតម្រូវឲ្យជនរងគ្រោះផ្ញើប្រាក់រាប់ពាន់ជាមុន ដើម្បីបង់សេវាផ្សេងៗ ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះហើយ ពួកគេមិនបានផ្ញើរបស់អ្វីមកនោះទេ ហើយគណនីហ្វេសប៊ុកដែលគេប្រើប្រាស់នោះគឺជាគណនីក្លែងក្លាយ។

ជនសង្សស័យទាំងពីមានឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង ទី២មានឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុច ផ្ទះលេខ ភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានក្រើនរំឭកដល់ ប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។ សមត្ថកិច្ចបានអំពាវនាវ កុំទទួលមិត្តភក្តិ ( Accept Friend ) ដែលមិនមានប្រភពច្បាស់លាស់ ឬ កុំ ជឿតាមការលួងលោម ឬសន្យា ថានឹងអោយ ឬផ្ញើ សម្ភារៈ ឬ កាដូពីក្រៅប្រទេស ឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner