តម្លៃប្រេងទីផ្សារពិភពលោកចាប់ផ្តើមកើនឡើងវិញ ទាំងដែលតម្រូវការប្រើប្រាស់នៅបន្តរក្សាភាពស្ងប់ស្ងាត់

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថាតម្លៃប្រេងនៅលើទីផ្សារ
ក្នុងពេលនេះគឺបានងើបឡើងវិញហើយ ដែលស្ទើរតែស្មើទៅនឹងតម្លៃដែលធ្លាប់មានកាលពីមុនមិនទាន់មានវត្តមានរបស់កូវីដ19។

កាលពីឆ្នាំ2020 តម្លៃប្រេងបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែនៅឆ្នាំ2021 មាសខ្មៅមួយនេះត្រូវបានប្រភពដដែលនេះអះអាងថាបានកើនឡើងតម្លៃទៅដល់ 60 ដុល្លារវិញហើយក្នុងមួយយប៉ារ៉ែលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា 50 ភាគរយធៀបទៅនឹងតម្លៃកាលពីពាក់កណ្តាលឆ្នាំ2020។

អ្នកជំនាញសេដ្ឋកិច្ចបាននិយាយផងថា ទោះបីជាតម្លៃបានកើនឡើងវិញក្តី ប៉ុន្តែជាក់ស្តែងតម្រូវការប្រេងនៅក្នុងទីផ្សារគឺនៅមិនទាន់មានសន្ទុះខ្លាំងដូចឆ្នាំ2019 នៅឡើយ ប៉ុន្តែគេរំពឹងទុកថានឹងអាចមានល្បឿនខ្លាំងជាងពេលនេះនៅអំឡុងពេលដែលវ៉ាក់សាំងកូវីដចាប់ផ្តើមចែកចាយ។

តួលេខរបស់ក្រុមហ៊ុនផលិតប្រេងល្បីៗលើលោកដូចជា Brent crude ត្រូវបានបង្ហាញថាមានការកើនឡើងដល់ទៅ 59 ភាគរយគិតចាប់ពីខែវិច្ឆិកា ខណៈដែល West Texas Intermediate (WTI) របស់អាមេរិកកាលពីសប្តាហ៍មុនក៏បានកើនឡើងតម្លៃរបស់ខ្លួនវិញដែរទៅដល់ 55 ដុល្លារក្នុងមួយបារ៉ែល។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ Shell នៃប្រទេសហូឡង់ លោក Ben van Beurden ធ្លាប់បានលើកឡើងកាលពីសប្តាហ៍មុនថាតម្រូវការប្រេងមកដល់ពេលនេះមានការកើនឡើងនៅតាមផ្នែកមួយចំនួននៃពិភពលោកប៉ុណ្ណោះជាពិសេសគឺអាស៊ីហើយយើងនឹងនៅរងចាំមើលទីផ្សារដែលសំខាន់ជាងគេគឺប្រទេសចិន។

កត្តាសំខាន់ៗជាច្រើនដែលបានធ្វើឲ្យតម្លៃប្រេងអាចកើនឡើងវិញក្នុងរយៈពេលដ៏ខ្លីបែបនេះ ត្រូវអ្នកជំនាញមើលឃើញថាដោយសារតែការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសដែលជាអ្នកផលិតប្រេង ជាពិសេសគឺអារ៉ាប៊ីសាអូឌីតត្រូវបានកាត់បន្ថយការផលិត។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីការយល់ព្រមព្រៀងគ្នាក្នុងការកាត់បន្ថយផលិតកម្មផលិតប្រេងកាលពីខែមេសាកន្លងមកនោះ ជាលទ្ធផលប្រេងប្រមាណជា 2.1ពាន់លានបារ៉ែលដែលត្រូវបានខកខាន ហើយថែមទាំងបានធ្វើឲ្យចំនួនទីតាំងស្តុកប្រេងថយចុះផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner