សម្ដេចតេជោនៅតែចង់ផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន80ភាគរយនៃប្រជាពលរដ្ឋកម្ពុជាទាំងអស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពដែលកម្ពុជាបានទទួលបានជំនួយវ៉ាក់ សាំងកូវីដ-19 នាពេលនេះ ដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមហាមិត្តចិននារយៈពេលកន្លងមកនេះ។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ បានបង្ហាញពីគោលបំណងចម្បងក្នុងការផ្ដល់ជូនប្រជាពលរដ្ឋឱ្យបានចំនួន80ភាគរយ នៃប្រជាពលរដ្ឋសរុបដែលស្មើនឹងចំនួន13លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ26លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ COVAX គឺខាង COVAX ថាគួរផ្ដល់ត្រឹម 60ភាគរយ ទៅ 70ភាគរយ ឬសម្រាប់តែ10 លាននាក់ប៉ុណ្ណោះ។


ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ-19ផងដែរ ដោយក្នុងនោះសម្ដេចតេជោបានប្រកាសឱ្យកូនប្រុសទាំង 3 កូនប្រសារ 2 របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗ មន្ត្រីជាន់ខ្ពស់ដែលគ្រប់លក្ខខណ្ឌទៅចាក់វ៉ាក់សាំងកូវីដ-19ទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ-19ចំនួន60ម៉ឺន នេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិនកន្លងមកដែល កម្ពុជា និងចិនបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នានិងបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។
តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការក្សាទុក(ដែលចន្លោះតែពី2 ដល់ 8អង្សារ) ។


ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ COVAX របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន 20% នៃប្រជាជនសរុប ស្មើនឹង 3,5 លាននាក់ ឬស្មើនឹង7លានដូស ។ ដែលនេះជាច្រកទ្វាមួយទៀត ហើយតាមព័ត៌មាន គឺ COVAX មានវ៉ាក់សាំងក្នុងដៃរួចហើយ។
ប្រភពមួយផ្នែកផ្សេងទៀត គឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន3លានដូស ដូច្នេះតាមទិន្នន័យ វ៉ាក់សាំងពីប្រភពទាំង3នេះ ទទួលបានវ៉ាក់សាំងសរុប11លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន60 ម៉ឺនដូសពីមិត្តចិន) ។ ដូច្នេះ បើតម្រូវការ 20 លានដូស សម្រាប់10លាននាក់គឺយើងត្រូវការ 9 លានដូសបន្ថែម តែបើយើងប្រើសម្រាប់13លាននាក់ គឺយើងនៅខ្វះ15លានដូស។
សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «យើងអាចទិញវ៉ាក់សាំងពីថៃអេស្ត្រាសេ្សនេកា (AstraZeneca vaccine) ដែលប្រទេសថៃនឹងផលិតនៅខែឧសភាខាងមុខនេះ បើដូច្នេះគឺងាយស្រួលជិតយើងស្រាប់។ ចំពោះតម្លៃវ៉ាក់សាំងនេះគឺតម្លៃប្រមាណតែ 4ដុល្លារក្នុងមួយដូសចឹង យើងចំណាយតែ 40លានដុល្លារ សម្រាប់ 10 លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner