ឯកឧត្តម សាយសំអាល់៖កម្ពុជាប្តេជ្ញាខ្ពស់ក្នុងការចូលរួមទប់ស្កាត់នៃការបម្រែបម្រួលអាកាសធាតុ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានបាន ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការរួម ចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។
ពិធីនេះបានរៀបចំឡើងនាទីស្តីការក្រសួងបរិស្ថាននារសៀលថ្ងៃទី ៨ ខែ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជន។សម្រាប់ របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួង ស្ថាប័នជាតិ និងដៃគូនានារួមមាន៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ធនាគារពិភពលោក និងដៃគូនានា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ក្នុងពិធីនេះថា កម្ពុជាបានប្តេជ្ញាខ្ពស់ក្នុងការចូលរួមទប់ស្កាត់នៃការបម្រែបម្រួលអាកាសធាតុ ជាមួយគ្នាកម្ពុជាការពឹងផ្អែកលើហេរញ្ញវត្ថុ ការកសាងសមត្ថភាពនិងជាមួយគ្នាក៏ត្រូវការសមត្ថភាពបច្ចេកទេសផងដែរ។
ឯកឧត្តម សាយសំអាល់ បានបញ្ជាក់បន្ថែមថា ៖ប្រទេសកម្ពុជាបានដើរតួជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលបានយល់ពីភាពបន្ទាន់ដែលតម្រូវឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ស្របទៅតាម «ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយថា ក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ កម្ពុជាបានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុជារឿងមួយសំខាន់មួយដែលយើងត្រូវរួមគ្នាដោះស្រាយរួមគ្នា។ ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានការគំរាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវ ភាពរស់នៅរបស់មនុស្សជាតិ ពេលបច្ចុប្បន្ន និងអនាគត ខណៈកម្ពុជា ទទួលផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលអាកាស ធាតុ ដែលបង្កឲ្យមានបាតុភូតធម្មជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតព្រះរាជាណាចក្រស៊ុយអ៊ែត
ប្រចាំកម្ពុជាមានបានឱ្យដឹងថាកម្ពុជាគឺជាប្រទេសមួយប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមទប់ស្កាត់នៃការបម្រែបម្រួលអាកាសធាតុ។កន្លងមកកម្ពុជាបានសម្រេចបាននូវលទ្ធផលគួរជាទីកត់សម្គាល់។ជាមួយគ្នាស៊ុយអ៊ែតក៏បានចូលរួមជាមួយផែនការយុទ្ធសាស្រ្តនេះជាមួយកម្ពុជាផងដែរ។
គួរបញ្ជាក់ថារបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ បានដាក់ជូនទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការដាក់ជូននេះបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពី អាកាសធាតុ។របាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧ភាគរយ ដែលក្នុងនោះ ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។ ជាមួយគ្នានេះដែរ ក្រសួង ស្ថាប័នពាក់ព័ន្ធបានស្នើឡើងនូវសកម្មភាពបន្ស៊ាំអាទិភាពរបស់ខ្លួន សរុបមានចំនួន៨៦សកម្មភាព ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner