អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការសិក្សារបស់ក្មួយៗសិស្សានុសិស្ស នៅតាមបណ្តាស្រុកចំនួន៣ជាប់ព្រំដែនថៃ

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់មួយចំនួន ចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យមើលពីការសិក្សារបស់ក្មួយៗ ដែលខកខានមិនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១និងមិនទាន់បានចូលរៀនតាមកាលកំណត់របស់ក្រសួងនោះដោយសារតែហេតុផលសាលារៀន ថ្នាក់រៀនរបស់ពួកគេ ត្រូវរំខានដោយសារវិបត្តិជាសកលពីកូវីដ-19 ហើយសាលាខ្លួនត្រូវបានរដ្ឋបាលខេត្តនៅបន្តធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីទទួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ធ្វើជាទីតាំងដើម្បីត្រួតពិនិត្យសុខភាពនិងយកវត្ថុសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីនោះ មួយរយៈច្រើនខែ កន្លងមកនេះ។

       ការចុះទៅពិនិត្យមើលនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១ ដោយបានចុះពិនិត្យមើលការសិក្សា របស់ក្មួយៗ ទាំងនោះ នៅតាមបណ្តាស្រុកចំនួន៣ ដែលជាប់និងព្រំដែនខ្មែរ-ថៃក្នុងភូមិសាស្រខេត្តបាត់ដំបង រួមមាន៖ស្រុកកំរៀង, ភ្នំព្រឹក និងស្រុកសំពៅលូន។ និងក្រោយពីមន្ទីរអប់រំយុវជននិងកីឡាខេត្ត រួមជាមួយនិងអាជ្ញាធរស្រុកទាំង៣ខាងលើ ដោយបានដោះស្រាយរកទីតាំងនៅក្នុងវត្ត តាមសាលារៀនចាស់ទ្រុឌទ្រោម តាមសាលារៀនឯកជនមួយចំនួន និងទីតាំងស្នាក់ការនៃគណបក្សប្រជាជនស្រុក។ល។ដើម្បីធ្វើជាកន្លែងឲ្យក្មួយៗទាំងនោះបានសិក្សាជាបណ្តោះអាសន្នមួយរយៈ ទម្រាំតែអាជ្ញាធរខេត្តនិងមន្ទីរអប់រំគិតគូររកដំណោះស្រាយនិងរកទីតាំងសមរម្យដើម្បីផ្តល់ទីតាំងរៀនបានសមរម្យឡើងវិញក្នុងពេលដ៏ខ្លីឆាប់ៗនេះ។

        ក្នុងដំណើរចុះពិនិត្យមើលពីការសិក្សារបស់ក្មួយៗជាសិស្សានុសិស្សនៅតាមបណ្តាសាលារៀនក្នុងភូមិសាស្ត្រស្រុកខាងលើនោះ ឯកឧត្តម ងួនរតនៈ ក៏បានស្តាប់នូវសំណូមពរមួយចំនួនរបស់គ្រូៗ លោកនាយកសាលា និងក្មួយៗដែលពេលនេះ ពួកគេកំពុងតែរៀននៅក្រោមដើមឈើ នៅក្រោមដំបូលរោងតង់ និងធ្វើការចល័តទីតាំង នៅពេលក្តៅនិងកម្តៅថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសម្តែងនូវការកោតសរសើរ អំពីទឹកចិត្ត ខិតខំរបស់លោកគ្រូអ្នកគ្រូ ក្មួយៗជាសិស្សានុសិស្ស ដែលបានលះបង់នូវឧបសគ្គគ្រប់បែបយ៉ាងក្នុងការតស៊ូ ដើម្បីមកបំពេញការសិក្សារបស់ខ្លួននៅទីនេះ។ ឯកឧត្តម ក៏បានសុំការអធ្យាស្រ័យ និង ការយោគយល់ពីមាតាបិតា ឪពុកម្តាយ និងអាណាព្យាបាលសិស្សទាំងអស់ ព្រមទាំងលោកគ្រូអ្នកគ្រូដែលបានលះបង់ក្នុងការមកបង្រៀនសិស្ស សុំឲ្យមានការយោគយល់ ពីកាលៈទេសៈនិងគ្រាដ៏លំបាកទាំងអស់គ្នាមួយនេះ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយសារតែវិបត្តិកូវីដ-19នៅមិនទាន់ធូរស្រាលនិងបញ្ចប់នៅឡើយ។ ដែលធ្វើឲ្យសាលារៀនរបស់ក្មួយៗនៅបន្តធ្វើជាមណ្ឌលចត្តាឡីស័កដើម្បីទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាន់តែមានកំណើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដោយសារតែរដូវនេះជា

រដូវបុណ្យទានផង ជាពិសេសបងប្អូនត្រូវវិលត្រឡប់មកលេងស្រុកនៅរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅពេលខាងមុខផង។និងក្នុងខណៈពេលដែលសាលារៀនទាំងអស់ក្នុងខេត្តបាត់ដំបង បានដំណើរការបើកបវេសនកាលនិងបានចូលសិក្សាឡើងវិញរួចរាល់ហើយ។

     តែទោះបីយ៉ាងណាឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសន្យា និងខិតខំរកដំណោះស្រាយក្នុងការរកទីតាំងសមរម្យដើម្បីជួយសម្រួលដល់ការលំបាកក្នុងការសិក្សារបស់ក្មួយៗទាំងអស់ឲ្យចូលរៀននៅទីកន្លែងសមស្របសមគួរឲ្យក្មួយៗបានសិក្សាទម្រាំតែសាលាទាំង៥ដែលស្ថិតក្នុងស្រុកទាំង៣ខាងលើ ត្រូវបានបញ្ចប់ពីការធ្វើជាមណ្ឌលចត្តាឡីស័ក និងការបញ្ចប់ពីបញ្ហាកូវីដ-19 ត្រូវបានធូរស្បើយ វិញនោះ។

     ក្នុងការអមដំណើរនិងចុះទៅពិនិត្យមើលទីតាំងជាមួយឯកឧត្តមអភិបាលខេត្តបាត់ដំបង ក្នុងនោះលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានលើកឡើងថា៖ រហូតមកដល់ពេលនេះមានសាលារៀនចំនួន៥ស្ថិតនៅក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន កំពុងជាប់ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករ ។

        លោកបានបន្តទៀតថា៖ ដោយសារកំណើនពលករឆ្លងដែនមកពីថៃ មានកាកើនឡើងជាបន្តបន្ទាប់នោះ មន្ទីរក៏បានសហការជាមួយនិងអាជ្ញាធរក្នុងការរៀបចំទីកន្លែងជាបណ្តោះអាសន្នឲ្យសិស្សទៅរៀននៅតាមវត្តអារាម សាលាឯកជន និងតាមសាលាមួយចំនួន ដើម្បីកុំឲ្យខាតការសិក្សា របស់កូនៗក្មួយៗសិស្សានុសិស្សទាំងនោះ។ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងលោ កប្រធានមន្ទីរអប់រំខេត្ត បាននាំយកឧបករណ៍តម្លើងនិងបំពាក់ដើម្បីការបង្រៀន និងការសិក្សា របស់សិស្សតាមប្រព័ន្ធទូរទស្សន៍ខ្សែកាប និងជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដល់សាលាទាំងនោះផងដែរ ៕  ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner