កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ៦គ្រួសារ

រតនគិរី៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង។ អំណោយមនុស្សធម៌ ត្រូវបានធ្វើឡើងនៅទីតាំងរងគ្រោះខាងលើ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាងលោកថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

លោក គិត ទ្រី ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ លោក ថង សាវុន ជាពិសេសសម្តេច កិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះឧប្បត្តិហេតុគ្រោះអគ្គីភ័យដែលបានបង្ក ឲ្យឆេះលំនៅដ្ឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅ ដែលជា និច្ចកាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា ។

លោក គិត ទ្រី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ដូចជាភ្លើងទៀន ធូប ចង្ក្រាន ឲ្យបានរួចរាល់ដោយសារថា គ្រោះអគ្គិភ័យ ធ្វើអោយគ្រួសារ យើងវិនាសហិនហោចទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ។

អំណោយមនុស្សធម៌សរុបទាំងសាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ក្នុង១គ្រួសារទទួលបាន ៖អង្ករ១០០គីឡូក្រាម តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ មី៤កេស ត្រីខ២ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី២ដប ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ឆ្នាំង បាយ១ ឆ្នាំងសម្លរ១ ចានបាយ ១០ ចានសម្លរ ១០ ស្លាបព្រា ១០ និងថវិកា ចំនួន ៣៨ម៉ឺនរៀល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner