ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានប្រកួតបញ្ចប់សប្តាហ៍ទី១

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលថ្មី២០២១ បានបញ្ចប់សប្តាហ៍ទី១ ដែលមាន៤ប្រកួតបន្ថែម កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ គឺមាន ៣ក្រុមស្វែងរកបាន៣ពិន្ទុ ខណៈ១ប្រកួតចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពី៥ប្រកួតបានរកឃើញលទ្ធផល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។


យោងតាមលទ្ធផលបច្ចេកទេសរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) បានឲ្យដឹងថា ៤ប្រកួតនេះថា ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមរដ្ឋបាលខេត្តតាកែវ ដោយលទ្ធផល ២ទល់០ ខណៈសហភាពសហព័ន្ធយុវនកម្ពុជាខេត្តបាត់ដំបង បានយកឈ្នះក្រុមសូហ្វីយ៉ាប៉ៃលិន ៤ទល់១ រីឯមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតប្រកួតចាញ់ខេត្តព្រះសីហនុ ដោយលទ្ធផល ០ទល់១ ស្របពេលដែល មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងមន្ទីរអប់រំខេត្តកំពង់ចាម ចែកគ្នាម្នាក់១ពិន្ទុ ក្រោពីរក្សាលទ្ធផលស្មើគ្នា ២ទល់២ ។


ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មី ២០២១នេះ មានក្រុមចូលរួមចំនួន២១ រាជធានីខេត្ត ចែកចេញជា៦ពូល ដោយវគ្គជម្រុះវិលជុំក្នុងពូល គឺក្រុមនីមួយៗត្រូវប្រកួតក្នុងពូលតែមួយ ចំនួន២ជើង ផ្លាស់ប្តូរទឹកដីគ្នា ។

ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមលេខ១ និងលេខ២ នៃពូលទាំង៦ សរុប១២ក្រុមត្រូវឡើងទៅវគ្គជម្រុះ១៦ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) ខណៈ៤ក្រុមទៀតនឹងជ្រើសរើសចេញពីក្រុមចំណាត់ថ្នាក់លេខ៣ ដែលល្អជាងគេ ដើម្បីបង្គ្រប់១៦ក្រុមចុងក្រោយ ។ ចំពោះវគ្គ១៦ក្រុម វគ្គ៨ក្រុម និង៤ក្រុមចុងក្រោយ ត្រូវប្រកួតចំនួនពីរជើង ផ្លាស់ប្តូរទឹកដីគ្នាដែរ ប៉ុន្តែការប្រកួតដណ្តើមលេខ៣ និងផ្តាច់ព្រ័ត្រ ត្រូវប្រកួតតែមួយជើងប៉ុណ្ណោះ នៅពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកក្រុមលេខ៣ និងជើងឯក ។ ចំពោះក្រុមជ័យលាភីចំនួន៣ក្រុមថ្នាក់ខេត្ត នឹងត្រូវឡើងទៅប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជាមួយក្រុមទាំង១៣ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner