ស្ថានីយទូរទស្សន៍ចំនួន៣រួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញៈ តំណាងស្ថាប័នទូរទស្សន៍ចំនួន ៣ គឺ បាយ័ន CBS និង ហង្សមាស ដែលធ្លាប់បានបំពេញការងារក្នុងវិស័យផ្សព្វផ្សាយ ជាង ២០ ឆ្នាំ រៀងៗខ្លួនមកហើយ បានចុះហត្ថលេខាលើកអនុស្សរណៈយោគយល់គ្នា ( MOU ) នាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ឯសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី រួមគ្នាបង្កើត ថ្នាលទូរទស្សន៍ឌីជីថល ធំជាងគេនៅ កម្ពុជា ។

ពិតណាស់ ថ្នាលទូរទស្សន៍ឌីជីថល ដែលត្រូវបានស្ថាប័នទាំង ៣ ខាងលើរួមគ្នាបង្កើតឡើងនៅពេលនេះ មិនមែនជាទូរទស្សន៍ឌីជីថល លើកដំបូងនៅ កម្ពុជា ទេ ពោលគឺ កម្ពុជា មានទូរទស្សន៍ឌីជីថល ប៉ុន្មានឆ្នាំមកហើយ ហើយទូរទស្សន៍ឌីជីថល ទាំងនោះ មានទូរទស្សន៍ខ្លះផ្សព្វផ្សាយតាមប្រព័ន្ធផ្កាយរណប និង តាមប្រព័ន្ធទូរស័ព្ទដៃជាដើម ។

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង តំណាង CBS បានលើកឡើងពីគោលបំណង នៃ ការរួមគ្នារបស់ស្ថាប័នផ្សព្វផ្សាយទាំង ៣ រួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថល នេះ ថា “ នេះគឺជាផ្នែកមួយ នៃ ចក្ខុវិស័យរបស់យើង ដើម្បី ធ្វើឱ្យប្រទេស កម្ពុជា មានឌីជីថល ពេញលេញ និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានឧស្សាហកម្មជំនាន់ ៤.០ ហើយដែលនឹងរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការជំរុញឱ្យរាល់បណ្តាញផ្សព្វផ្សាយរបស់ឯកជន និង រដ្ឋ ប្តូរពីការផ្សព្វផ្សាយតាមប្រព័ន្ធ អាណាឡូក ទៅជាការផ្សព្វផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ “ ។

អ្នកឧកញ៉ាក៏បានបញ្ជាក់បន្ថែមថា៖«ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ភាគីទាំងសងខាងនិងជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចសហការធុរកិច្ចកាន់តែប្រសើរឡើង»។

លោក មាស រិទ្ធី ពិធីករព័ត៌មាន នៃ ទូរទស្សន៍ ហង្សមាស ថ្លែងក្នុងនាមតំណាង នៃ ស្ថាប័នទាំង ៣ ខាងលើនៅក្នុងពិធីចុះហត្ថលេខានេះ បានលើកឡើងថា ការបង្កើតថ្នាលទូរទស្សន៍ឌីជីថល នេះ មិនមានគោលបំណងប្រកួតប្រជែងជាមួយស្ថាប័នដទៃ ហើយតាមរយៈការបង្កើតថ្នាលទូរទស្សន៍ឌីជីថល នេះក៏នឹងអាចនាំឱ្យមានការរិតត្បិតដល់ការផ្សព្វផ្សាយ ឬ ការបញ្ចេញមត្តិនានានៅ កម្ពុជា ឡើយ ។

ការលើកឡើងរបស់លោក មាស រិទ្ធី ស្របទៅនឹងសេចក្តីប្រកាសព័ត៌មានដែលត្រូវបានផ្តល់ជូនដល់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីចុះហត្ថលេខាខាងលើនេះ ដែលបានលើឡើងថា ថ្នាលទូរទស្សន៍ឌីជីថល ថ្មីនេះមានភារកិច្ចត្រួតពិនិត្យគុណភាព ត្រួតពិនិត្យរូបភាព វិដេអូ សំឡេង និង កម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធ អាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដោយរលូន ឱ្យបានទាន់ពេលកំណត់ មុនឆ្នាំ ២០២៣ ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner