អង់គ្លេស ថានឹងជំរុញអ្នកវិនិយោគអង់គ្លេស មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ហេឌ័រ វាល័្លរ (Heather Wheeler) ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម បានប្រកាសថា នឹងប្រឹងប្រែងបញ្ចុះបញ្ចូល ក៏ដូចជាជំរុញអ្នកវិនិយោគរបស់អង់គ្លេសមកសិក្សា និងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោកស្រី បានទទួលស្គាល់ពីភាពរីកចម្រើនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា។ លោកស្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។ដោយលោកស្រី អះអាងថា លោកស្រីនឹងប្រឹងប្រែងលើកទឹកចិត្ត និងបញ្ចុះបញ្ចូលអ្នកវិនិយោគអង់គ្លេស មកស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅកម្ពុជា។

លោកស្រី ក៏បានបង្ហាញពីការមើលឃើញនូវផលប៉ះពាល់លើវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារវិបត្តិជំងឺកូវីដ១៩។ ដើម្បីជួយស្រោចស្រង់ផលប៉ះពាល់នេះ លោកស្រី បានបង្ហាញអំពីគម្រោងគាំទ្រពន្លឿនផ្នែកសេដ្ឋកិច្ច (Accelerated COVID Economic Support-ACES) ដែលផ្តល់ដោយរាជរដ្ឋាភិបាលអង់គ្លេសសម្រាប់ប្រទេសនៅតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរនោះ។

តាមរយៈជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា លោកស្រីប្រេសិត នឹងអាចជួយជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការល្អ និងចំណងការទូតប្រកបដោយផ្លែផ្ការរវាងកម្ពុជា និងអង់គ្លេស។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន។ ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបភាគីអង់គ្លេស ពីការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ ខាងមុខ។

ចុងក្រោយតំណាងកម្ពុជា និងអង់គ្លេស ប្តេជ្ញាចិត្តបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព និងផ្តល់សុខុមាលភាពជូនប្រជាជននៃប្រទេសទាំងពីរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner