ក្រសួងការងារចេញវិធានការ៥ចំណុចបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការណែនាំពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ២០២១នេះរបស់ក្រសួងការងារបានបញ្ជាក់ថា ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងអំឡុង ព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖

១. ត្រូវពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៤/២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការ បង្ការជំងឺកូវីដ -១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

២. ត្រូវរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ “៣ការពារ = ការពាក់ម៉ាស, ការលាងដៃ, និងការរក្សាគម្លាតសុវត្ថិភាពសង្គម” និងវិធានការ *៣កុំ = កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់, កុំទៅកន្លែងមានមនុស្សច្រើនកុះករដែលមិនដឹងប្រភពច្បាស់លាស់ , និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា”។

៣. មិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនមែនជាអ្នកគ្រប់គ្រង ឬកម្មករនិយោជិត ឬមន្ត្រីមានសមត្ថកិច្ច ចេញចូល បរិវេណរោងចក្រ សហគ្រាស ជាដាច់ខាត។ ទន្ទឹមនឹងនោះ ត្រូវប្រាប់នូវប្រវត្តិនៃការធ្វើចត្តាឡីស័ក និងស្ថានភាព សុខភាពរបស់បុគ្គលិកដែលទើបវិលត្រឡប់មកពីបរទេសឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចូលធ្វើការវិញ។

៤. ត្រូវផ្តល់ព័ត៌មានទៅក្រសួងសុខាភិបាលជាបន្ទាន់ ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើង ចំពោះ កម្មករនិយោជិតរបស់ខ្លួន។

៥. ត្រូវអប់រំ ណែនាំ និងលើកទឹកចិត្តឱ្យគ្រប់បុគ្គលិក កម្មករនិយោជិតទាំងអស់កុំគេចវេះពីការធ្វើចត្តាឡីស័ក ដែលការគេចនេះនឹងនាំឱ្យមានហានិភ័យដល់ខ្លួនឯងផង សុខភាពសាធារណៈផង និងត្រូវរងការពិន័យអន្តរកាលផង។

ជាមួយគ្នានេះក្រសួងការងារ សង្ឃឹមយ៉ាងមុតមាំថាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតនឹងអនុវត្តសេចក្តីណែនាំ នេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner