សហព័ន្ធកីឡាបាញ់កាំភ្លើងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីស្វែងរកអត្តពលឆ្នើម២០រូប ត្រៀមស៊ីហ្គេម នៅវៀតណាម និងស៊ីហ្គេម នៅកម្ពុជា


សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពឆ័ត្រយោងពិសេស៩១១ ក្រោយលើកពេលជាបន្តបន្ទាប់ តាំងពីចុង ឆ្នាំ២០២០ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា អនុប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា តំណាង ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងថា ជើងឯកឆ្នាំ២០២០នេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន៤០នាក់ មកពី​៧អង្គភាព ដូចជា៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារ​ជាតិ បញ្ជាការដ្ឋានកងទ័ពឆ័ត្រយោងពិសេស៩១១ ង៧០ អង្គភាពប្រឆាំងភាវរកម្ម និងទ័ពជើងគោក ដោយ​ធ្វើការប្រកួតលើ៣វិញ្ញាសា គឺ វិញ្ញាសា ឡុង២២វែង បាញ់ចម្ងាយ៥០ម៉ែត្រ ឡុង២២ខ្លីបាញ់២៥ម៉ែត្រ និងកាំភ្លើង​ខ្លី៩ មីលីម៉ែត្រ។


អនុប្រធានសហព័ន្ធខាងលើ អះអាងទៀតថា ការប្រកួតជើងឯកនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាស ឲ្យកីឡាករ កីឡាការិនីនៅតាមអង្គភាពចំណុះឲ្យសហព័ន្ធចូលរួមប្រកួតបញ្ចេញសមត្ថភាព ដណ្តើម មេដាយជូនអង្គភាពរបស់ខ្លួន ហើយ អ្វីដែលជាគោលបំណងចំម្បង សហព័ន្ធចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម២០រូប ដែលឆ្នើមទាំង៣វិញ្ញាសា អោយជាប់ជាជម្រើសជាតិហ្វឹកហាត់បំប៉ន់សមត្ថភាពជាមួយ សហព័ន្ធ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្តម តាន់ សុវិជ្ជា អះអាងទៀតថា ឆ្លងកាត់ការប្រកួតប្រមាណជាជាង៣ម៉ោង សង្កេតឃើញកីឡាករ កីឡាការិនីចូលរួមទាំង៣វិញ្ញាសានេះ គឺទេពកោសល្យ និងរីកចំរើនខ្លាំងជាងបណ្តាឆ្នាំមុនៗកន្លងទៅ ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សហព័ន្ធនឹងជ្រើសរើសនូវកីឡាករ កីឡាការិនីឆ្នើមៗមកហ្វឹកហាត់បំប៉ន ដើម្បីអភិវឌ្ឍសមត្ថភាពពួកគេមានសក្តានុពលសម្រាប់ ដណ្តើមមេដាយជូនកម្ពុជា ពីស៊ីហ្គេមនៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។


កីឡាការិនី ភី សុខា មកពីអង្គភាពប្រឆាំងភាវកម្ម បានលើកឡើងថា នេះជាលើកទី១ ដែលចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ហើយ នាង សង្ឈឹមជឿជាក់ថា និងទទួលបានឱកាសជាប់ជាជ្រើសរើសជាតិត្រៀមប្រកួតតំណាងឲ្យជាតិនៅស៊ីហ្គេមនៅប្រទេសវៀតណាម និងសីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសជើងឯក ឆ្នាំ២០២០នេះ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន៤០រូប មកពី៨អង្គភាព ប្រកួតលើ៣វិញ្ញាសា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner