អភិបាលខេត្តបាត់ដំបង ៖សារដ៏មានសារៈសំខាន់របស់សម្តេចតេជោហ៊ុន សែន ៣ការពារ ៣កុំ ក្នុងវិធានការនៃ ការការពារកូវីដ-19គឺ ជាបាលីនិងជាយ័ន្តស័ក្តិសិទ្ធ បញ្ចៀសពីការឆ្លងនិងពីការចម្លងមេរោគកូវីដ-19ចូលក្នុងសហគមន៍

អត្ថបទដោយ៖
Kien Sereyvuth

  អភិបាលខេត្តបាត់ដំបង បានចុះចែកខិតប័ណ្ណខ្លឹមសារពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន《 ៣ការពារ ៣កុំ 》ក្នុងវិធានការ ការពារ កូវីដ-19ដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលករ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងស្រុកទាំង៣របស់ខេត្ត រួមមាន៖ស្រុកសំពៅលូន ភ្នំព្រឹក និង ស្រុកកំរៀង ដោយបាននចាត់ទុកនូវខ្លឹមសារនៃសាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាបាលីនិងជាយ័ន្តស័ក្តិសិទ្ធ ដើម្បីការពារនូវវិធានសុវត្ថិភាពនៅក្នុងការទប់ស្កាត់នៃការឆ្លងនិងពីការចម្លងមេរោគកូវីដ-19បាន។ប្រសិនបើបងប្អូនប្រជាពលរដ្ឋគ្រប់រូបរួមគ្នាក្នុងការអនុវត្តនូវវិធានទាំង៣ប្រការខាងលើនេះមេរោគកូវីដ-19 និងមិនអាចយាយី ឆ្លងរីករាលដាល ដល់ខ្លួនយើង គ្រួសារយើង សហគមន៍យើងបានឡើយ។

       ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការដាស់តឿននិងបានក្រើនរំលឹកដល់គ្រប់អាជ្ញាធរនៃស្រុកទាំង៣ខាងលើ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖សារដ៏មានសារៈសំខាន់របស់ប្រមុខ នៃរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវខ្លឹមសារ ៣ការពារ ៣កុំក្នុងវិធានការនៃការការពារកូវីដ-19 ថែមទាំងបានធ្វើការបកស្រាយពីខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែន ពីអត្ថន័យ៣ការពារ ក្នុងនោះ៖១.ពាក់ម៉ាស់, ២.លាងដៃ, ៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ….។និង៣កុំ ក្នុងនោះរួមមាន៖១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក។ ២.កុំទៅកន្លែងមានមនុស្សច្រើន។ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា។

      ការចុះចែកខិតប័ណ្ណនិងផ្តល់ផ្ទាំងប៉ាណូនៃខ្លឹមសារប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តចុះពិនិត្យមើលពីស្ថានភាពលំហូរពលករដែលវិលត្រឡប់ពីប្រទេសថៃ និងចង់ស្វែងយល់បន្ថែមពីបញ្ហាប្រឈមពីតំរូវការជាក់ស្តែងមួយចំនួននៅតាមមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុកខាងលើនិងបាននាំយកនូវពីដុងទឹកចំណុះ២០លីត្រ ចំនួន៣០០ពីដុង និងធុងទឹកជ័រ ចំនួន៣០០ធុង ដែលផ្តល់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចែកជូនដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនអាជ្ញាធរស្រុកទាំង៣និងនៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង នៅរសៀល ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១នេះ។

     ក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជួបសំណេះសំណាលជាមួយបងប្អូនពលករដែលកំពុងស្នាក់នៅតាមមណ្ឌលចត្តាឡីស័កទាំងនោះ និងបានណែនាំដល់អាជ្ញាធរស្រុកនិងកងកម្លាំងដែលប្រចាំការនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃជាប់ភូមិសាស្ត្រខេត្តបាត់ដំបងនិងនៅតាមបណ្តាច្រកនានាក្នុងខេត្ត ឲ្យធ្វើការចែកខិត

ប័ណ្ណ ពីវិធានការនៃការការពារកូវីដ-19 ដែលជាប្រសាសន៍ណែនាំ របស់សម្តេចតេជោ ៣ការពារនិង៣កុំ ចែកជូននិងផ្សព្វផ្សាយជាសាធារណៈតាមទីសាធារណៈនានាក្នុងទីប្រជុំជនមូលដ្ឋានខ្លួនដល់បងប្អូនពលករធ្វើចត្តាឡីស័ក និង ក្រោយពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច ចេញទៅលំនៅដ្ឋានស្រុកកំណើតវិញឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ព្រោះខិតប័ណ្ណដែលមានខ្លឹមសារ ៣ ការពារ ៣កុំគឺជាប្រសាសន័ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រៀបដូចជាបាលីនិងជាយ័ន្តស័ក្តិសិទ្ធ ក្នុងការការពារនូវវិធានសុវត្ថិភាពក្នុងការទប់ស្កាត់បាន ពីការឆ្លង និងការចម្លង មេរោគកូវីដ-19 ចូលទៅក្នុងសហគមន៍យើងបាននោះទេ?។ប្រសិនបើយើងនាំគ្នាទន្ទេញចងចាំ ចេះណែនាំដាស់តឿនគ្នានិងត្រូវខិតខំអនុវត្តឲ្យបានត្រឹមត្រូវជាប្រចាំដោយមិនត្រូវធ្វេសប្រហែសទាំងអស់គ្នានោះទេ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner