ស្រវឹងស្រាជិះម៉ូតូឌុបគ្នាទៅបុកគូទរថយន្ត រួចដេញវាយម្ចាស់រថយន្តរត់ឲ្យគេជួយ
ភ្នំពេញ ៖ យុវជនពីរនាក់ស្រវឹងស្រាជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្ត LEXUS RX330 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចម្នាក់រត់គេចខ្លួនបាត់ នៅសល់ម្នាក់ទៀត យកមួកសុវត្ថិភាពដេញវាយម្ចាស់រថយន្តរត់ឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ទល់មុខច្រកចូលផ្ទះឡ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្ត LEXUS RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y- 3726ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវ ខណ:នោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AE-7903ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត LEXUS ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះយុវជនម្នាក់បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់នៅសល់ម្នាក់ទៀតបានយកមួកសុវត្ថិភាពដេញវាយម្ចាស់ រថយន្តរត់ជុំវិញរថយន្ត ស្រែកឲ្យគេជួយ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ។
ក្រោយមក សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងជិត១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ៖ ជីម ភារ៉ា