សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា នៅថ្ងៃទី៤ ខែមីនាខាងមុខ ខណៈវ៉ាក់សាំងនេះជាង ៣២ម៉ឺនដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថាប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានជូនដំណឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជា ត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

សម្ដេចតេជោ បានបន្តថា ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះ នឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី០២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាផ្លែផ្កា នៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគី ជាមួយអង្គការសហប្រជាជាតិ ជាពិសេស ជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា តាមគំរោង កូវ៉ាក់ នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង ៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កម្ពុជា សូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និងសប្បុរសជននៅលើសកលលោក ដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner