កញ្ញា ថាប់ រចនា ៖ ជំនាញវិទ្យាសាស្ត្របរិស្ថាន ទាក់ទាញចិត្តខ្ញុំឱ្យស្រឡាញ់សមុទ្រកម្ពុជាកាន់តែខ្លាំង

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ “ខ្ញុំបានក្លាយជាអ្នកអភិរក្សធនធានធម្មជាតិក្នុងសមុទ្រ ដោយសារខ្ញុំចង់ឃើញស្នាមញញឹមពីអ្នកនេសាទ។ ខ្ញុំមិនចង់ឃើញពួកគាត់បាត់បង់​មុខរបរព្រោះតែសកម្មភាពធ្វើនេសាទហួសហេតុខ្លាំងពេកនោះទេ ដូច្នេះហើយខ្ញុំអាចធ្វើអ្វីបាន ខ្ញុំធ្វើដើម្បីជីវភាពប្រជានេសាទកម្ពុជាតែប៉ុណ្ណោះ”។ កញ្ញា ថាប់ រចនា បាននិយាយពីបំណងការងាររបស់ខ្លួនក្នុងនាមជាអ្នកអភិរក្សធនធានធម្មជាតិក្នុងបាតសមុទ្រ និងនៅក្នុងនាមជានាយិកានៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។  

រយៈពេលប្រាំឆ្នាំធ្វើការងារនៅលើផ្ទៃសមុទ្រ ពេលខ្លះត្រូវមុ​ជ​ទឹ​​​កពិនិត្យមើលស្ថានភាពជីវៈចម្រុះច្រើនប្រភេទក្នុងបាតសមុទ្រ ពេលយប់ដើរតួនាទីជាអ្នកល្បាតការពារដែនទឹកអភិរក្សពីអ្នកលួចនេសាទ ហើយថ្ងៃខ្លះត្រូវចូលរួមប្រ​ជុំ​ញឹក​ញាប់​ជាមួយអ្នកពាក់ព័ន្ធផងនោះ ទាំងនេះជាការងារដែលកញ្ញា ថាប់ រចនា ត្រូវធ្វើស្ទើរជារៀងរាល់ថ្ងៃ។​ កញ្ញា ថាប់ រចនា បានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅក្នុងឆ្នាំ 2016 និងបានក្លាយជាបុគ្គលិកបម្រើការងារនៅអង្គការអភិរក្សសមុទ្រកម្ពុជា ក្នុងឆ្នាំ 2017 បន្ទាប់ពីស្រាវជ្រាវលើប្រធានបទបរិស្ថានសមុទ្រ។

“នៅក្នុងបាតសមុទ្រមានទិដ្ឋភាពអស្ចារ្យជាច្រើនដែលខ្ញុំមិនអាចពណ៌នាបានទេ ធនធានធម្មជាតិទាំងនោះកំពុងត្រូវការអ្នកជួយសង្គ្រោះ ប្រសិនបើបណ្តោយឱ្យអ្នកនេសាទធ្វើតាមចិត្ត ត្រីនិងជីវៈចម្រុះផ្សេងៗទៀតនឹងបាត់បង់លឿនបំផុត”។ កញ្ញា ថាប់ រចនា បានបន្តទៀតថា អ្នកនេសាទនៅសមុទ្រខេត្តកែប នឹងទទួលបា​ន​ធនធានសមុទ្រក្នុងពេលយូរអង្វែង ប្រសិនបើពួកគេទុកដង្ហើមឱ្យធនធានធម្មជាតិទាំងឡាយក្នុងសមុទ្រលូតលាស់នៅក្នុងតំបន់អភិរក្ស។

កោះអាចម៍សេះ ស្ថិតនៅក្នុងទឹកដីខេត្តកែប ជាទីតាំងដែលកញ្ញា ថាប់ រចនា និងអង្គការអភិរក្សសមុទ្រកម្ពុជា កំពុងឈរជើងបំពេញបេសកម្មអភិរក្សធនធានធម្មជាតិ។ ពេលនេះអាចនិយាយបានថា រចនា​ ស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើកាន់តែខ្លាំង និងកំពុងផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបម្រើឱ្យការសិក្សាស្រាវជ្រាវរបស់និស្សិ​ត​កម្ពុជាសិក្សាជំនាញបរិស្ថាន និងធនធានជលផលសមុទ្រ។ រចនា និយាយដោយមានទំនុកចិត្តថា “ខ្ញុំមិនដែលរារែកចិត្តធ្វើការងារនេះទេ ! ខ្ញុំជឿថានៅពេលដែលប្រជានេសាទយល់ពីបំណងរបស់ពួកយើ​ង​ នោះអ្វីដែលយើងកំពុងធ្វើនឹងស្រស់បំព្រងទៅតាមធម្មជាតិរបស់វា… ពួកយើងធ្វើវាដើម្បីមនុស្សជំនាន់ក្រោយរបស់យើង”។

កញ្ញា ថាប់ រចនា ជាកូនចៅអ្នកភ្នំពេញ។ បន្ថែមលើក្តីស្រឡាញ់ដែលមានទៅលើធនធានធម្មជាតិសមុទ្រកម្ពុជា កញ្ញា រចនា បាននិយាយថា “ភ្នំពេញមានអ្វីៗអស្ចារ្យជាច្រើន ប៉ុន្តែភាពស៊ីវិល័យទាំងនោះមិនមែនជាសុភមង្គលរបស់ខ្ញុំទេ ខ្ញុំហាក់ឃ្លាតឆ្ងាយពីរូបភាពហ៊ឺហារទាំងនោះហើយ…”។ យុវនារីវ័យម្ភៃប្រាំឆ្នាំរូបនេះ បានបន្តទៀតថា បច្ចុប្បន្នមានយុវជនកម្ពុជាតិចណាស់ដែលជ្រើសរើសជំនាញវិទ្យាសាស្ត្របរិស្ថានសិក្សា ប៉ុន្តែមានកិច្ចការបរិស្ថានជាច្រើនកំពុងរង់ចាំយុវជន។

ងាយមកនិយាយលទ្ធផលនៃកិច្ចការដែលកញ្ញា ថាប់ រចនា ក្រុមការងារបានធ្វើកន្លងទៅវិញ ពេលនេះតំនប់កោះអាចម៍សេះ បានក្លាយជាទីកន្លែងស្រស់បំព្រងលម្អដោយធនធានធម្មជាតិនិងជីវៈចម្រុះសមុទ្រច្រើនប្រភេទ។ វត្តមានសេះសមុទ្រ ផ្កាថ្ម ដូហ្វីនសមុទ្រ ក្តាម មឹក ​និងត្រីសមុទ្ររាប់សិបកំពុងបង្អូតសម្រស់ ព្រមទាំងបង្កកំណើតនៅក្នុងតំបន់អភិ​រក្ស​នេះ​។ ចំណែកប្រជានេសាទ បានយល់ដឹងច្រើនពីកិច្ចការដែលពួកគេកំពុងធ្វើ ប៉ុន្តែម្តងម្កាលបទល្មើសនេសាទទាំងបំពានដោយសារមហិច្ឆតាលោភលន់ នៅតែធ្វើឱ្យក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជាដេកមិនលក់ក្នុងពេលរាត្រី។

បច្ចុប្បន្នកិច្ចការដែលកញ្ញា ថាប់ រចនា និងអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)​ បានរៀបចំដាក់ប្រអប់ថ្មសិប្បនិម្មិតក្នុងសមុទ្រ ដើម្បីការពារការអូសនេសាទ និងបង្កើតជម្រកសម្រាប់សត្វសមុទ្រ។ ទន្ទឹមគ្នានេះ មានគម្រោងផ្សេងៗជាច្រើនទៀតដែលពួកគេកំពុងធ្វើ ដូចជាគម្រោងអភិរក្សផ្កាថ្ម គម្រោងអភិរក្សស្មៅសមុទ្រ និងគម្រោងអភិរក្សថនិកសត្វសមុទ្រ។

“ធម្មជាតិនៃជីវិតទាំងអស់ក្នុងសមុទ្រត្រូវរស់ពឹងអាស្រ័យគ្នាទៅវិទៅមក ខ្ញុំអាចដឹងដោយថ្ងៃខ្លះសមុទ្រឆ្លើយតបមកខ្ញុំវិញដោយក្រៀមក្រំ ថ្ងៃខ្លះវាប្រាប់ខ្ញុំពីភាពរីករាយ ប៉ុន្តែពួកយើងអត់ធ្មត់រួមបេះដូងគ្នាតែមួយ ធ្វើកិច្ចការជាមួយគ្នា ដើម្បីធម្មជាតិនៃសមុទ្រនិងមនុស្សជំនាន់ក្រោយរបស់យើង” នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ថាប់ រចនា នាយិកាអង្គការអភិរក្សសមុទ្រកម្ពុជា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner