បើស្ថានភាពកូវីដ១៩អាចគ្រប់គ្រងស្ថានភាពទាំងប្រទេសក្នុងតំបន់និងពិភពលោកព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកអាចរៀបចំឡើងវិញនៅដើមឆ្នាំ២០២២

អត្ថបទដោយ៖
សារ៉ាន ទីងី

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានថ្លែងប្រាប់ អ្នកយកព័ត៍មានទូរទស្សន៍អប្សរា កាលពីពេលថ្មីនេះថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយជាមួយក្រសួងទេសចរណ៍ រៀបចំដើម្បីបង្ហាញពីសក្តានុពលឆ្នេរសមុទ្រស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក លើកទី២ គ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២២ ឆ្នាំក្រោយនេះ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩អាចគ្រប់គ្រងស្ថានភាពបានទាំងប្រទេសក្នុងតំបន់និងពិភពលោក។

អគ្គលេខាធិការ ខាងលើអះអាងថា ការត្រៀមរបស់កម្ពុជាគឺនៅតែបន្តត្រៀមខ្លួនរៀបចំជានិច្ចសម្រាប់ព្រឹត្តិការណ៍មួយនេះ ព្រោះការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់កម្រិតពិភពលោកនៅកម្ពុជា វាមិនត្រឹមតែជួយផ្សព្វផ្សាយពីសក្តានុពលឆ្នេរសមុទ្រស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៌អន្តរជាតិឲ្យមកកំសាន្តនៅកម្ពុជាប៉ុណ្ណោះនោះទេ ពោលវាបានជួយអភិវឌ្ឍសមត្ថភាពបច្ចេកទេសអត្តពលិកកីឡាទោចក្រយានឆ្ពោះទៅរកគុណភាពក្នុងការត្រៀមលក្ខណៈស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថែមទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន អះអាងទៀតថា ប្រសិនបើព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី២ អាចដំណើរការបានតាមការគ្រោងទុកនោះ យើងរៀបចំដោយឆ្លងកាត់ខេត្តជាប់មាត់សមុទ្រចំនួន៤ដដែល គឺ ខេត្ត ព្រះសីហនុ កោះកុង កំពត និងខេត្ត កែប ដែលមានចម្ងាចផ្លូវជាង៥០០គីឡូម៉ែត្រ ប៉ុន្តែយើងយកខេត្តព្រះសីហនុជាខេត្តគោលដៅត្រូវជិះមានចម្ងាយផ្លូវវែងជាងគេទាំងអស់ ព្រោះយើងចង់បង្ហាញពីសក្តានុពលផ្លូវតំបន់ឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចំរើន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់កម្រិតពិភពលោក ដែលកម្ពុជារៀបចំ លើកទី១ បានធ្វើឡើងនៅដើមឆ្នាំ២០១៩ ដោយមានប្រទេសនៅលើពិភពលោកចូលរួមជាច្រើនប្រទេស ក្នុងនោះ ក៍មានការចូលរួមជិះអត្តពលិកកីឡាទោចក្រយានកម្ពុជាជាច្រើន ដើម្បីដកស្រងបទពិសោធន៍ផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner