ឧកញ៉ា ប៉ិច បូឡែន ៖ “កុំចេះតែចុច Like Share និង Comment ដោយមិនមានការពិចារណាច្បាស់លាស់”

អត្ថបទដោយ៖
AMS

បច្ចុប្បន្នមនុស្សជាច្រើនកំពុងចំណាយពេលវេលារបស់ខ្លួនទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអនឡាញដែលជាកន្លែងទទួល និងចែករំលែកព័ត៌​មាន​ថ្មីចាស់ និងទស្សនៈចម្រុះ ដែលកំពុងជះផលអវិជ្ជមានយ៉ាងខ្លាំងទៅលើសង្គម ប្រសិនមិនមានការពិចារណាច្បាស់លាស់។ ចំណោទបញ្ហាកើតឡើងត្រង់ថា មនុស្សមួយចំនួនគ្រាន់តែអានចំណងជើងមាតិកា រួចចុច ពេញចិត្ត (Like) ចែករំលែក (Share) និងឆ្លើយឆ្លងមតិយោបល់ (Comments) ដោយមិនបានចូលអានអត្ថបទទាំងស្រុងឱ្យយល់ស៊ីជម្រៅនោះទេ។

ទាក់ទងទៅនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកវេសឡាញគ្រុប បានលើកឡើងថា មនុស្សម្នាក់ៗ គួរមានការវិភាគ ឬពិចារណាស៊ីជម្រៅ (critical thinking) លើបញ្ហាណាមួយ មុននឹងសម្រេចចិត្តបញ្ចេញយោបល់ ឬចែករំលែករឿងរ៉ាវណាមួយក្នុងបណ្តាញសង្គម។

លោកឧកញ៉ា ប៉ិច បូឡែន “អ្នកទាំងអស់គ្នា គួរគិតឱ្យបានច្បាស់លាស់ពីបរិបទ ឫសកល និងដំណើររឿងឱ្យបានច្បាស់លាស់មុននឹង Like, Share ឬ Comment ព្រោះបើមិនដូច្នោះទេ វានឹងបង្ករគ្រោះថ្នាក់ដល់សង្គមរបស់យើងជាក់ជាមិនខាន”។ លោកបន្តថា មុននឹងចែកចាយមាតិកាណាមួយក្នុងបណ្តាញសង្គម គួរស្វែងរកប្រភពរបស់វា ឬឆែកមើលប្រភពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ (cross check) ដើម្បីទទួលបានគំនិតកាន់តែទូលំទូលាយរហូតឈានដល់ការបង្កើតជាសេចក្តីសន្និដ្ឋានដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។

លោកបញ្ជាក់ចំណុចត្រង់នេះថា អ្វីដែលអាចផ្ទៀងផ្ទាត់បាននោះ គឺប្រភពរបស់បណ្តាញសារព័ត៌មាននោះ ថាតើវាជាសារព័ត៌មានស្របច្បាប់ ឬជាបណ្តាញសារព័ត៌មានដែលមានគេទទួលស្គាល់ដែរឬទេ? បន្ថែមពីលើនេះ គួរមើលប្រភពដែលផ្តល់បទសម្ភាស ឬប្រភពទិន្នន័យដែលស្ថាប័ននោះបានដកស្រង់យកមកផ្សព្វផ្សាយ ថាជាប្រភពដែលគួរឱ្យទុក​ចិត្ត​បាន ឬគ្រាន់តែជាប្រភពដែលទទួលបានពីបណ្តាញក្លែងក្លាយ។ គួរពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឱ្យបានពីរ ឬបី ឬផ្ទៀតផ្ទាត់ជាមួយនឹងបណ្តាញ​ផ្សព្វ​ផ្សាយរបស់ស្ថាប័នផ្លូវការដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងនោះជាមុនសិន។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញគ្រុប ។

ឧទាហរណ៍ ប្រសិនបើព័ត៌មាននោះផ្សព្វផ្សាយពីបញ្ហាសុខាភិបាល យើងគួរផ្ទៀតផ្ទាត់ជាមួយនឹងគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាមុនសិន ដើម្បីធានាថាព័ត៌មានដែលបានចេញផ្សាយនោះជាព័ត៌មានពិត មានប្រយោជន៍ មិនមែនជាព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ខ្លួនឯង និងសង្គម។

“ប្រសិនបើមើលឃើញច្បាស់ហើយថា វាជាព័ត៌មានពិត អាចបន្តផ្សព្វផ្សាយ ដើម្បីចែករំលែកចំណេះដឹង ឬព័ត៌មានដើម្បីឱ្យមានការចូលរួមដោះស្រាយស្រាយឱ្យកាន់តែប្រសើរ តែប្រសិនបើវាជាព័ត៌មានក្លែងក្លាយវិញ (fake news) គួរកុំចូលរួម Like, Share ឬ បញ្ចេញមតិ (comment) ឱ្យសោះ។ គួរ​ប្រាប់ ឬពន្យល់ណែនាំមិត្តិភក្តិ ដើម្បីឱ្យគ្រប់គ្នាបានគិតពិចារណាស៊ីជម្រៅ ហើយយល់ថាព័ត៌មានដែលគេកំពុងផ្សាយនោះជារឿងមិនសមហេតុផល” លោកឧកញ៉ា ប៉ិច បូឡែន​ ។

លោកបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហានេះបន្ថែមថា បើនិយាយពីច្បាប់ ការបង្កើតព័ត៌មានមិនពិតអាចប្រឈមមុខជាមួយនឹងបញ្ហាផ្លូវច្បាប់។ ពេលខ្លះសូម្បីតែការចុច Like, Share និង Comment ដែលមានផលអវិជ្ជមានដល់សង្គមជាតិ ក៏អាចនឹងនាំផលអន្តរាយដល់ខ្លួនឯងផងដែរ។ ហេតុនេះ មុននឹងសម្រេចចិត្ត Like, Share ឬ Comment លើបណ្តញសង្គម សូមគិតឱ្យបានល្អិតល្អន់។

លោកឧកញ៉ា ប៉ិច បូឡែន​ បូឡែន “យើងទាំងអស់គ្នាគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងលើចំណីគំនិតដែលមានលើបណ្តាញសង្គម មុននឹងយកមកដាក់ក្នុងគំនិត។ កុំចេះតែចុច Like, Share ឬ Comment ដើម្បីជំរុញព័ត៌មានមិនពិត (fake news) ឱ្យកាន់តែទាក់ទាញឡើង តែគួរផ្តល់តម្លៃលើខ្លឹមសារ គោលគំនិត ដែលមានប្រយោជន៍ពិតប្រាកដ។ យើងគួររួមគ្នាប្រើបណ្តាញសង្គមឱ្យបានល្អ ឱ្យមានភាពរីកចម្រើនដល់ខ្លួនឯង និងសង្គមជាតិយើង”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner