កញ្ញា ហេង សុវណ្ណមុនីនុត ៖ ហេតុផលបីសំខាន់ដែលស្រ្តីគួរសិក្សាជំនាញព័ត៌មានវិទ្យា

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information Technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញ កញ្ញា ហេង សុវណ្ណមុនីនុត ធ្លាប់ឈ្នះពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាពីប្រទេសមួយចំនួន បានប្រាប់ហេតុផលបីសំខាន់ ដែលស្រ្តីគួរសិក្សាជំនាញមួយនេះ។

1. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាស្រ្តី៖ ដោយសារតែមុខវិជ្ជានេះភាគច្រើនសិក្សាតែសម្រាប់បុរស ដូច្នោះបច្ចេកវិទ្យាថ្មីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនបង្កើតឡើងដោយបច្ចេកវិទ្យារបស់បុរស។ ហេតុនេះបើស្រ្តីសិក្សានៅលើមុខជំនាញមួយនេះកាន់ច្រើនឡើង ពួកគេអាចមានឱកាសបញ្ចេញសមត្ថភាពនៅក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុត្តន៍អ្វីមួយ​ដើម្បីដោះស្រាយបញ្ហាដែលស្រ្តីកំពុងជួបប្រទះ។

2.ឱកាសអាហារូបករណ៍៖ សង្កេតឃើញកន្លងមកថាអាហារូ​បករណ៍ជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសបានផ្ដល់នូវឱកាសនៅក្នុងការសិក្សាដោយឥតគិតថ្លៃទៅលើមុខជំនាញព័ត៌មានវិទ្យានេះ។ អាហារូបករណ៍មួយចំនួនផ្ដល់ឱ្យលក្ខខណ្ឌចំពោះតែនិស្សិតស្រីប៉ុណ្ណោះ ដូច្នោះវាជាតម្លៃអមដោយភាពល្អប្រសើរសម្រាប់ស្រ្តីដែលចង់ទទួលបានអាហារូបករណ៍សិក្សាលើជំនាញមួយនេះ។

3. ឱកាសការងារ៖ ជាទូទៅក្រុមហ៊ុនធំៗមួយចំនួនបានផ្ដល់អាទិភាពខ្លាំងទៅលើស្រ្តីនៅក្នុងវិស័យការងារមួយនេះ។ វាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីដែលអាចបំរើរការងារទៅលើផ្នែកការអភិវឌ្ឍន៍កម្មវីធីបច្ចេកវិទ្យានៅក្នុងសម័យឌីថីថល ហើយវាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីនៅក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យប៉ិនប្រសប់របស់ខ្លួននៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន។

កញ្ញា ហេង សុវណ្ណមុនីនុត បានបញ្ជាក់ថា ហេតុផលទាំងនេះ មូលដ្ឋានគំនិតសម្រាប់ស្រ្តីពិចារណាសិក្សាជំនាញព័ត៌មានវិទ្យា (Information Technology)។ ជាក់ស្ដែងក្នុងរយៈពេល​ប៉ុន្នានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន​ និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬទំនាក់ទំនងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner