មាតិកានៅក្នុងបណ្ដាញសង្គមមួយចំនួន ជះឥទ្ធិពលអាក្រក់លើស្មារតីរបស់កុមារ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាង​ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ទន្ទឹមគ្នានេះ កុមារក៏ជាអ្នកទទួលព័ត៌មានទាំងអស់នោះដែរ ថ្វីបើឪពុកម្ដាយមួយចំនួនប្រុងប្រយ័ត្នចំពោះកូនៗរបស់ពួកគេក្ដី។ មាតិការអប់រំជារឿងល្អសម្រាប់កុមារ ប៉ុន្តែមាតិការបណ្តាញសង្គមួយចំនួនបាននាំបញ្ហាជាច្រើនប៉ះពាល់យ៉ាងខ្លាំងលើចិត្តគំនិត និងស្មារតីរបស់កុមារ។

លោកស្រី បូ សុធារី មន្ត្រីរាជការបម្រើការងារនៅក្នុងស្ថាប័ន មួយបាននិយាយមកកាន់ AMS ថា៖ “ហេតុការណ៍ផ្សេងៗនៅក្នុងបណ្ដាយសង្គមនានាមិនគួរណាឱ្យកុមារបានឃើញនោះទេ ឳពុកម្ដាយគួរតែប្រុងប្រយ័ត្នខ្ពស់ កុំឱ្យកូនៗមើលព័ត៌មានណាមិនគួរឱ្យមើល”។

ផ្តើមនិយាយពីចំណុចនេះ លោកស្រី បូ សុធារី បន្តទាំងទឹកមុខព្រួយបារម្ភថា សម័យឌីជីថលមិនងាយស្រួលប៉ុន្មានទេ ឳពុកម្ដាយត្រូវតាមដានកូនឱ្យបានដិតដល់ទៅលើការប្រើប្រាស់ទូរស័ព្ទដៃ។ លោកស្រីថា ក្នុងបណ្តាញសង្គមមានព័ត៌មានបង្កប់ទៅដោយរូបភាពគ្រោះថ្នាក់សាហាវផ្សេងៗ ធ្វើឱ្យកុមារភ័យខ្លាច និងអាចប៉ះបាល់ទៅដល់អារម្មណ៍របស់កុមារយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងគ្នានេះដែរ លោក សុផា និស្ស័យ ជាគ្រូបង្រៀនម្នាក់ក៏បានលើកឡើងថា “កំហុសដ៏ធំរបស់ឱពុកម្ដាយ គឺបណ្ដោយឱ្យកូនៗរបស់ខ្លួនប្រើប្រាស់ទូរស័ព្ទដៃរបស់ខ្លួន ពេលនោះក្មេងអាចដឹងមាតិកាជាច្រើនដែលមិនគួរឃើញ ជាពិសេសមាតិកាគ្រោះថ្នាក់ ឆក់ប្លន់​ បាញ់សម្លាប់គ្នាជាដើម ! រូបភាពទាំងអស់នោះមិនត្រូវឱ្យកុមារមើលឃើញជាដាច់ខាត ពីព្រោះវាឥទ្ធិពលមួយដ៏អាក្រក់ទៅកាន់ខួរក្បាល និងអារម្មណ៍របស់ពួកគាត់។

តើអាចកាត់ផ្តាច់ចំណងទាក់ទងរបស់កុមារចេញពីពិភពព័ត៌មានចម្រុះនៅក្នុងបណ្តាញសង្គមបានដែរឬទេ? លោក សុផា និស្ស័យ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនថា ជារៀងរាល់ថ្ងៃលោកបានត្រៀមនិងកំណត់កម្មវិធីជាក់លាក់ដាក់ក្នុង Ipad សម្រាប់ឱ្យកូនលេងកម្សាន្ត។ ឪពុករូបនេះបញ្ជាក់បន្ថែមថា “ខ្ញុំបង្កើតគណនីថ្មីសម្រាប់ពួកគេ ហើយកំណត់មាតិកាឬវីដេអូអប់រំសម្រាប់កូនប៉ុណ្ណោះ។ យើងជាឪពុកម្តាយត្រូវចេះមានកំណត់មាតិកានៅក្នុងបណ្ដាញសង្គម (Youtube) គឺជាផ្នែកមួយដ៏ល្អសម្រាប់កុមារ ជួយការសិក្សា រៀនភាសា និងមានប្រយោជន៍ជាច្រើន… ទន្ទឹមគ្នានេះត្រូវចេះកំណត់ពេលវេលាប្រើប្រាស់ដូចគ្នា”។

កន្លងទៅអ្នកជំនាញអប់រំកុមារធ្លាប់បានលើកឡើងថា មាតិកានៅលើបណ្តាញដែលមានរូបភាពអំពើហឹង្សា និងគ្រោះថ្នាក់ផ្សេងៗ ជះឥទ្ធិពលយ៉ាងខ្លាំងដល់គំនិតកុមារ។ ខ្លឹមសារទាំងនេះអាចឱ្យរបស់ពួកគេចងចាំជានិច្ច ពេលខ្លះបណ្តាលកុមារក្លាយជាមនុស្សវង្វេងស្មារតី ដែលម្តាយឪពុកត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងឱ្យកូនប្រើប្រាស់ឧបករណ៍ស្មាតហ្វូន ឬលេងបណ្តាញសង្គមដោយសេរី៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner