លោកស្រី ស្ដើង ភារ៉ុង ៖ គុណភាពជីវិតឱ្យកាន់តែល្អប្រសើរ នៅពេលរកឃើញអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន

អត្ថបទដោយ៖
AMS

រាល់ថ្ងៃដំណើរជីវិតរបស់មនុស្សម្នាក់ៗ ឆ្លងកាត់រឿងរ៉ាវច្រើន ដូចជាការសិក្សា ការធ្វើការ និងជីវិតផ្ទាល់ខ្លួន ហើយក្នុងដំណាក់កាលទាំងនេះ ប្រសិនបើ​មានបុគ្គ​ល​​ជួយប្រឹក្សាយោបល់ ផ្តល់មតិណែនាំ ពិភាក្សាលើកទឹកចិត្តស៊ីជម្រៅ​ នោះការសម្រេចចិត្តធ្វើអ្វីមួយកាន់តែមានប្រសិទ្ធភាព។ មិត្តភក្ដិ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងរៀមច្បងជាដើម សុទ្ធតែជាបុគ្គលដែលអាចប្រឹក្សាយោបល់ផ្ទាល់ខ្លួន (mentor) និងជួយណែនាំផ្តល់កម្លាំងចិត្តដ៏សំខាន់។

លោកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្នជាបុគ្គលិកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានរៀបរាប់ពីដំណើរជីវិតតស៊ូរបស់ខ្លួន ព្រមទាំងកម្លាំងចិត្តទទួលបានពីបុគ្គលសំខាន់ៗនៅជុំវិញខ្លួន។ “មានបុគ្គលសំខាន់ៗជាច្រើនដែលគាត់បានជួយជ្រោមជ្រែងនៅក្នុងដំណើរជីវិតខ្ញុំ ! អាចនិយាយបានថា មុននឹងឈានមកដល់ពេលនេះ គឺខ្ញុំមានអ្នកប្រឹ​ក្សា​យោ​បល់ និងជួយណែនាំច្រើនណាស់”។

លោកស្រី ស្ដើង ភារ៉ុង បានបន្តរៀបរាប់ពីបទពិសោធន៍ទាំងនេះថា នៅពេលដែលជីវិតពិបាករកដំណោះស្រាយរឿងអ្វីមួយ មុនពេលសម្រេចចិត្តលោកស្រីតែងសុំយោបល់ពីអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន។ លោកស្រីនិយាយទាំងស្នាមញញឹមថា “អ្នកប្រឹក្សាយោបល់ដំបូងរបស់ខ្ញុំឈ្មោះ Marika ខ្ញុំបានជួបនៅក្នុងកម្មវិធី Wedu Global ។ ខ្ញុំបានជជែកតាមអនឡាញពីពេលមួយទៅពេលពីកង្វល់ក៏ដូចជាអ្វីដែលបងមិនយល់ គាត់តែងប្រឹក្សានិងផ្តល់កម្លាំងចិត្ត​នៅពេលដែលខ្ញុំជួបឧបសគ្គ មានគាត់ទើបខ្ញុំមានដំណោះស្រាយសម្រាប់ជីវិតខ្លួនឯង”។

ទន្ទឹមគ្នានេះ លោកស្រី ភារ៉ុង បានជួបអ្នកប្រឹក្សាយោបល់ម្នាក់ទៀត ជាអតីតបុគ្គលិកបម្រើការនៅអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ លោកស្រីបានជួបគាត់ដំបូងនៅពេលចូលវគ្គបណ្ដុះបណ្ដាលមួយដែលអង្គការសហប្រជាជាតិបានរៀបចំនៅកម្ពុជា។

“ខ្ញុំចាប់អារម្មណ៍ Kara ឃើញគាត់ក្មេងហើយគាត់ពូកែ !​ ខ្ញុំចង់ធ្វើដូចគាត់នៅថ្ងៃណាមួយ ហើយចង់ធ្វើការនៅស្ថាប័នអន្តរជាតិដូចគាត់អីចឹងដែរ។ ខ្ញុំក៏ចាប់ផ្ដើមស្និទ្ធស្នាលជាមួយគាត់ សុំយោបល់ពីគាត់ប្រៀបដូចជាបងប្អូនស្រីរបស់ខ្ញុំ ដូច Marika ដែរ”។

លោកស្រី ស្ដើង ភារ៉ុង បានបញ្ជាក់ថា គុណភាពជីវិតឱ្យកាន់តែល្អប្រសើរ នៅពេលដែលលោកស្រីរកឃើញបុគ្គលគំរូ (Role model) ក៏ដូចជាមានអ្នកប្រឹក្សាយោបល់ (mentor)។ សម្រាប់លោកស្រី ស្ដើង ភារ៉ុង “វាមិនអាក្រក់នោះទេនៅពេលសុំមតិយោបល់ពីនរណាម្នាក់ដែលយើងទុកចិត្ត ! យើងគួរស្វែងរកបុគ្គលដែលជាគំរូរបស់ខ្លួនហើយព្យាយាមសិក្សាស្វែងយល់ពីគាត់ មានទំនាក់ទំនងល្អជាមួយគាត់ សុំគាត់ជាអ្នកផ្តល់ប្រឹក្សាយោបល់ ដើម្បីទទួលបានគំនិតថ្មីៗ ជួយដល់គុណភាពជីវិតយើង”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner