មនុស្សកុំរស់ពឹងតែសង្ឃឹម ប៉ុន្តែត្រូវជឿជាក់ថាយើងធ្វើបាន

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ សុភាសិតមួយបានលើកឡើងថា “ដរាប​ណាមានជីវិត ត្រូវតែមានសង្ឃឹម” ហើយមនុស្សជាច្រើនបានយ​ក​សុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍សម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិនគ្រុប បានមានប្រសាន៍៖ “ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ”។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្ថែមថា គេឃើញអ្នកដែលចូលចិត្តសង្ឃឹមភាគច្រើន​តែងតែផ្តេកផ្តួល​ខ្លាំងពេកទៅលើទំនោរនៃវាសនា ឬកត្តាក្រៅខ្លួននានាដោយមិនបានគិតឱ្យអស់ពីលទ្ធភាពចំពោះអ្វីដែលខ្លួនមាន។ ជាក់ស្តែង បើយើងនិយាយថាយើងសង្ឃឹមថានឹងមានផ្ទះល្អមួយ យើងអាចពិចារណាទៅមើលថា តើរាល់ថ្ងៃយើងនៅឯណា? ស្ថានភាពចំណូលរបស់យើងត្រឹមកម្រិតណា?

“យើងគ្រប់គ្នាគួរតែសាកល្បងប្ដូរពី សង្ឃឹមថានឹងមានអ្វីមួយ មកជាពាក្យថា ជឿជាក់ថានឹងធ្វើបានអ្វីមួយឬជឿជាក់ថាពេលណាឱ្យប្រាកដថានឹងអាចទទួលបានអ្វីមួយ ដោយគណនាច្បាស់លាស់ពីស្ថានភាពជាក់ស្តែងដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន” ឧកញ៉ា ប៉ិច បូឡែន ។

អ្នកជំនាញអប់រំរូបនេះ បានបន្តថា នៅពេលដែលបុគ្គលម្នាក់ដឹងច្បាស់ពីព័ត៌មានលម្អិតនៃគោលដៅផ្ទាល់ខ្លួន បូករួមជាមួយស្ថានភាពជាក់ស្តែងដែលខ្លួនកំពុងស្ថិតនៅ នោះនឹងមានទំនុកចិត្តយ៉ាងច្បាស់ថា បុគ្គលនោះអាចយកវាបានក្នុងរយៈពេលណាមួយយ៉ាងជាក់លាក់។ “ការសម្រេចបានសម្មិទ្ធិផលជីវិតនានា មិនមែនគ្រាន់សង្ឃឹមក៏សម្រេចបាននោះទេ តែវាត្រូវការសកម្មភាព ទំនុកចិត្ត ហើយស្គាល់ពីខ្លួនឯង និងទិសដៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីងាយអភិវឌ្ឍខ្លួនឱ្យចំទិសដៅ”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner