អត្តពលិក ក្លិបហែលទឹកក្រសួងព័ត៌មាន ដែលប្រជែងបានមេដាយ ពីការប្រកួត កីឡាហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ ទទួលបានការលើកចិត្តពីឯកឧត្តម ខៀវ កាញារីទ្ធ

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមកីឡាករ កីឡាការិនីក្លឹបហែលទឹកក្រសួងព័ត៌មាន ចំនួន៣រូប ដែលដណ្តើមបានមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ទទួលបានការប្រាក់រង្វាន់លើកទឹកចិត្តពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាប្រធានកិតិ្ដយសក្លឹបហែលទឹកក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អ ដែលក្មួយៗជាកីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មានសម្រេចក្នុងរយៈពេលកន្លងមកនេះ ហើយរាល់ស្នាដៃដែលទទួលបាននាពេលនេះ គឺដើម្បីខ្លួនឯង និងដើម្បីក្លឹបហែលទឹកក្រសួងព័ត៌មានទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យកីឡាករ កីឡាការិនីហែលទឹកទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលប្រកួតទាំងព្រឹត្តការណ៍ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត។

ឯកឧត្តមបានលើកឡើងថា វិស័យកីឡានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស បើប្រៀបធៀបកាលពីឆ្នាំមុនៗ ដែលទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញពីកំណើនសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលអាចឱ្យយើងមានកីឡាករល្អៗ ដើម្បីយកទៅប្រកួតជាលក្ខណៈអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្ដីសង្ឃឹមថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ នឹងក្លាយជាមុខមាត់ដ៏សំខាន់សម្រាប់ប្រទេសជាតិ សម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្ដល់ជូនរង្វាន់ជាថវិកាដល់ក្រុម កីឡាករ កីឡាការិនី ទទួលបានជ័យលាភី រួមមាន កីឡាការិនី លឹម សុខគន្ធពណ៌ មេដាយមាស ៣ គ្រឿង កីឡាករ លឹម សុខវារៈស័ក្តិ មេដាយ មាស ៣ គ្រឿង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ មេដាយ មាស ១ គ្រឿង និងប្រាក់១គ្រឿង។ សម្រាប់អ្នកទទួលបានមេដាយ មាស ១គ្រឿង ផ្ដល់ថវិកា ១ លានរៀល សរុបអ្នកបានមេដាយ មាស ៣ ទទួលបាន ៣ លានរៀល មេដាយប្រាក់ ៨០ ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ៥០ ម៉ឺនរៀល។ ចំពោះកីឡាករ ដែលមិនទទួលបានមេដាយ ចំនួន ៤ នាក់ ដោយក្នុងម្នាក់ៗ ១០ ម៉ឺនរៀល ហើយអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានថវិកា ២០ ម៉ឺនរៀលផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner