អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតក្រុមការងារអនុវត្តច្បាប់ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩
អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី១មីនាឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយ ក្នុងការបង្កើតក្រុមការងារអនុវត្តច្បាប់ ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ក្រុមការងារនោះ បញ្ជាដឹកនាំដោយនាយឧត្តមសេនីយ៍ឆៃ ស៊ីណារិទ្ធ ជាប្រធាន, លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា និងលោកឧត្តមសេនីយ៍ឯក យឹម លាង ជាអនុប្រធាន និងមានសមាជិកចំនួន៤រូបទៀត។ ជាមួយគ្នានោះក្រុមការងារនៅ ក៏មានសមាសភាពក្រុមប្រតិបត្តិការដែលចេញជា៧ក្រុម ដែលក្នុងមួយក្រុមមានសមាជិកពី១២ទៅ១៣នាក់។
ក្នុងសេចក្ដីសម្រេច ក្រុមនីមួយៗមានភារកិច្ចរៀបចំត្រៀមប្រតិបត្តិការអនុវត្តច្បាប់ចំពោះមុខសញ្ញាគេចវេះពីការធ្វើចត្តាឡីស័ក ឬធ្វើមិនបានត្រឹមត្រូវតាមវិធានសុខាភិបាល មុខសញ្ញាដែលបំពានទៅនឹងវិធានសុខាភិបាលពាក់ពន្ធ័នឹងជំងឺកូវីដ-១៩។ ក្រុមប្រតិបត្តិការត្រូវប្រចាំការ២៤ម៉ោង ដោយធ្វើការបែងចែកជាវេនប្រចាំថ្ងៃ។ ត្រៀមឆ្លើយតបទាន់ពេលវេលាតាមសភាពការណ៍ជាក់ស្ដែង។ ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាដែលប្រឆាំងនឹងវិធានសុខាភិបាល៕