រដ្ឋាភិបាលចិនផ្តល់ជំនួយវ៉ាក់សាំងកូវីដ-19 ជំហានទី2 ចំនួន40 ម៉ឺនដូសទៀតដល់កម្ពុជា

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-19ជំហានទី2 ចំនួន40ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី01 ខែមីនា ឆ្នាំ2021នេះ។

នៅលើទំព័រ Facebook របស់ស្ថានទូតចិន បានបង្ហោះយ៉ាងដូច្នេះថា៖ «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-19 រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-19ចំនួន 40 ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ជំនួយវ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជា តាមរយៈក្រសួងការពារជាតិជំហានទី2នេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទស៊ីណូហ្វាមនឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំជាក់លាក់នៅឡើយទេ។
មហាមិត្តចិនតាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន1លានដូស ក្នុងនោះការដឹកជញ្ជូនជំហានទី1ចំនួន60ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2021 កន្លងទៅនេះ។

គេអាចចាំបានថាកាលពីថ្ងៃ7 ខែកុម្ភៈ វ៉ាក់សាំងកូវីដ-19 ឈ្មោះស៊ីណូហ្វាមដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន 60 ម៉ឺនដូសបានដឹកតាមយន្តហោះពិសេសរបស់ចិនមកដល់កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ចាប់តាំងពីថ្ងៃទី10ខែកុម្ភៈ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីជាន់ខ្ពស់ រួមទាំងក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ស៊ីណូហ្វាម (Sinopharm) របស់ចិនលើកទី1 ជូនកងកម្លាំងបានចំនួនសរុប 51,909នាក់ ក្នុងនោះ មាននារី 4,887នាក់ ខណៈចាក់លើកទី2 បានចំនួន951នាក់។ ដោយឡែកក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-19ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិល សរុបចំនួន 16,.390នាក់ ក្នុងនោះអ្នកចាក់លើកទី2សរុបចំនួន 527នាក់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner