ជប៉ុនផ្ដល់ជំនួយជិត១១លានដុល្លារដល់កម្ពុជា ដើម្បីប្រព័ន្ធចរាចរនាវានៅកំពង់ផែងស្វយ័តក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី១មីនា ឆ្នាំ ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» ដែលធ្វើឡើងនៅទីកន្លែងរៀងៗខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន១ប៊ីលាន១៣០២លានយ៉េន ឬប្រមាណ១០លាន៨សែនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ចរាចរនាវានៅកំពង់ផែងស្វយ័តក្រុងព្រះសីហនុ។ គម្រោងនោះនឹងបង្កើតប្រពន្ធ័នាវា (VTS) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រ និងប្រសិទ្ធភាពការធ្វើនាវាចរណ៍នៅជុំវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា លោកជឿជាក់ថាគម្រោងនោះមានសារៈសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវសមុទ្រ និងប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គ។ លោកឯកអគ្គរាជទូតជប៉ុនបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលគឺមានសារៈសំខាន់ណាសើ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner