មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បើកការចាក់ វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនមន្រ្តីជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត

អត្ថបទដោយ៖
ជា សេឌី

ខេត្តស្ទឹងត្រែង៖ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បើកយុទ្ធនាការលើកដំបូងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនមន្រ្តីជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីដ-១៩នេះផងដែរ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា  ដោយបានទទួលបញ្ជាពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ លោកបានដឹកនាំកម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត មានចំនួន៧៤នាក់  ក្នុងចំនោមចំនួន៩០០នាក់នៃស្នងការដ្ឋាន ហើយត្រូវបានបែងចែកតាមថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៧មីនា ដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យផងដែរ ក្នុងការចាក់វ៉ាក់សាំង ហើយក៏បានចែកវេនគ្នា តាមបណ្តារអធិការក្រុង.ស្រុក ដែលត្រូវមកចាក់វ៉ាក់សាំង ។

លោកស្នងការ ក៏បានសំណូមពរដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់ សូមឲ្យចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ដើម្បីបញ្ជៀសកុំឲ្យមានការរីករាលដាល ជាពិសេសក្នុងសហគមន៍តែម្តង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ គឺ៣ការពារ និង៣កុំ ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធ និងជម្ងឺឆ្លង បានឲ្យដឹងថា  ដោយមានការណែនាំពីក្រសួងសុខាភិបាល ដោយរើសយកថ្ងៃទី០១មីនា ជាថ្ងៃបើកយុទ្ធនាការនៃការចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ គោលដៅចម្បងគឺផ្តោតទៅលើមន្រ្តីសុខាភិបាល មន្រ្តីសាលាសុខាភិបាលភូមិភាគ និងកងកម្លាំងនគរបាល ។ ជំហានដំបូងនេះ ត្រូវចាក់វ៉ាក់សាំង ទៅដល់មន្រ្តីនគរបាលចំនួន៩៤៣នាក់ មន្រ្តីសុខាភិបាលជាង៥២០នាក់ និងមន្រ្តីសុខាភិបាលនៅសាលាភូមិភាគ សរុបទាំងអស់១៤៤០នាក់ ។

លោកវេជ្ជបណ្ឌិត បានបន្តថា ជំហានដំបូងនេះ គឺត្រូវផ្តល់ឲ្យដល់អ្នកស្ម័គ្រចិត្ត ដោយមានការផ្តល់ប្រឹក្សាជូន ពីគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលស្តីពីការផ្តល់វ៉ាក់សាំងកូវីដ-១៩ ។ ហើយចំពោះអ្នកដែលមានបញ្ហាសុខភាព គឺមិនត្រូវបានផ្តល់ការចាក់វ៉ាក់សាំងនោះ ទេ ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងកូវីដ-១៩នេះ គឺមិនត្រូវបានផ្តល់ឲ្យអ្នក មានអាយុលើសពី៦០ឆ្នាំនិងក្រោមអាយុ១៨ឆ្នាំនោះទេ ជាពិសេសនោះគឺអ្នកមានជម្ងឺរ៉ាំរ៉ៃ ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺក្នុងម្នាក់ៗទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូស ក្នុង១ដងចាក់១ម្តង  និងក្រោយ១៤ថ្ងៃ ចាក់១ដូសទៀត  ៕ដោយ៖ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner