សង្វាក់ផលិតកម្មរោងចក្ររបស់ចិនមានល្បឿនយឺតជាងការរំពឹងទុក

បរទេស៖កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសកម្មភាពរោងចក្រនៃប្រទេសចិនសម្រាប់ខែកុម្ភៈមានល្បឿនធ្លាក់ចុះខ្លាំងបើធៀបទៅនឹងពេលវេលាកាលពីខែមករា ហើយក៏ជាខែដែលត្រូវបានគេមើលឃើញថាមានកំណើនផលិតតិចបំផុតជាងគេគិតចាប់តាំងតែពីខែឧសភាមកដែលខ្លួនបានខកខានមិនអាចធ្វើបានតែការរំពឹងទុករបស់ទីផ្សារឡើយ។

ទិន្នន័យដែលត្រូវបានបញ្ចេញដោយការិយាល័យគ្រប់គ្រងស្ថិតិជាតិ (NBS) បានបង្ហាញថាអត្រានៃការផលិតបានធ្លាក់ចុះមកត្រឹមតែ 50.6 ភាគរយពី 51.3 ភាគរយកាលពីខែមករា ហើយបើទោះបីជាវាស្ថិតនៅក្នុងអត្រា 50 ភាគរយក្តី ប៉ុន្តែវាមានទំហំតិចជាងការរំពឹងទុកដែលចិនធ្លាប់មានគឺប្រមាណជា51.1ភាគរយ។

ជាធម្មតាសកម្មភាពរោងចក្រនៅក្នុងប្រទេសចិនតែងតែជួបបញ្ហាបន្តិចនៅក្នុងរដូវចូលឆ្នាំរបស់ខ្លួនដោយសារតែក្រុមកម្មករត្រូវធ្វើដំណើរទៅលេងស្រុកកំណើតប៉ុន្តែនៅក្នុងឆ្នាំនេះរដ្ឋាភិបាលបានប្រកាសរួចមកហើយថាពួកគេមិនអាចធ្វើបានដូចរាល់ឆ្នាំឡើយដើម្បីអាចធានាបាននូវការទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដសាជាថ្មី។

មួយរយៈចុងក្រោយនេះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំងឥតឈប់ឈរដោយសារតែការនាំចេញដ៏រឹងមាំនិងតម្រូវការកើនឡើងជាពិសេសគឺមានការជម្រុញពីក្រោយពីសំណាក់រដ្ឋាភិបាលចិនផ្ទាល់តែម្តង។

ដោយឡែកការបញ្ជាទិញនាំចេញសម្រាប់ខែកុម្ភៈក៏មានការធ្លាក់ចុះមកត្រឹមតែ 48.8 ភាគរយប៉ុណ្ណោះនៅក្នុងខែកុម្ភៈនេះធៀបទៅនឹងខែមករាដែលមានទៅដល់ 50.2 ភាគរយ។ទោះបីជាមើលឃើញមានកំណើតសេដ្ឋកិច្ចប្រមាណជា 2.3 ភាគរយក្តីកាលពីឆ្នាំទៅប៉ុន្តែសម្រាប់ឆ្នាំ 2021 រដ្ឋាភិបាលចិនហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចពីព្រោះថាដំណើរការសេដ្ឋកិច្ចនៅតាមខេត្តរបស់ខ្លួនកំពុងជួបប្រឈមនឹងបញ្ហាសំពាធជាច្រើនដូចជាបំណុលកាន់តែច្រើនព្រមទាំងគោលនយោបាយផ្សេងៗផងដែរ។

យោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីដើមសប្តាហ៍មុនបានបញ្ជាក់ថាចិននឹងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗថែមទៀតក្នុងការជំរុញគោលនយោបាយគាំទ្រដល់ពាណិជ្ជកម្មបរទេសនិងធានាឲ្យប្រតិបត្តិការនៃសង្វាក់ផលិតកម្មដំណើរការបានល្អប្រសើរឡើង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner