ភាសាស្រលាញ់របស់ឳពុកម្ដាយ មានអត្ថន័យខ្លាំងបំផុតចំពោះកូន

អត្ថបទដោយ៖
AMS

មិនថាស្ថិតក្នុងស្ថានការណ៍បែបណាទេ ឳពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងជីវិតរបស់កូនៗគ្រប់រូប ហើយការប្រើប្រាស់ភាសាប្រចាំថ្ងៃបញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់កូនៗ ពិតជាមានអត្ថន័យខ្លាំងបំផុតចំពោះកូន។ ពាក្យល្អៗប៉ុន្មានម៉ាត់របស់ឪពុកម្តាយ អាចលើកទឹកចិត្តកូនៗរបស់អ្នកពេញមួយថ្ងៃ។ ឧទាហរណ៍ថាការសួរសុខទុក្ខកូនត្រូវការពេលវេលាតែបន្តិច តែកាយវិការនេះបានបង្ហាញថា អ្នកបានខ្វាយខ្វល់និងយកចិត្តទុកដាក់ពីពួកគាត់។ តើអ្វីទៅជាភាសានៃក្តីស្រលាញ់អ្នកទៅកាន់កូន?

១. តើកូនញ៉ាំបាយហើយឬនៅ? បាយ សម្តៅទៅលើអាហារ ! ហើយអាហារពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ការទ្រទ្រង់និងអភិវឌ្ឍរូបរាងកាយ បញ្ញា និងស្មារតី។ ការសួរសំណួរនេះទៅកាន់កូនអាចឱ្យកូនដឹងថាឳពុកម្ដាយតែងបារម្មណ៍ពីសុខភាព និងការលូតលាស់របស់កូន។

២. ទៅរៀនម៉េចដែរថ្ងៃហ្នឹង? ពេលដែលកូនទៅសាលារៀន ឳពុកម្ដាយមិនបាននៅជាមួយកូនរហូតទេ នៅសាលារៀនមានគ្រូជាអ្នកមើលការខុសត្រូវនិងតំហែទាំ។ យ៉ាងណាម៉ិញ ការសួរបែបនេះអាចឱ្យឳពុកម្ដាយដឹងបានថាតើមានអ្វីកើតឡើងខ្លះនៅពេលដែលកូនមិននៅក្បែរខ្លួន ឬថាតើកូនបានរៀនអ្វីខ្លះនៅសាលាថ្ងៃហ្នឹង (នេះ)។

៣. កូនឆ្លាតណាស់ ! មិនថាកូនធ្វើបានល្អ ឬមិនសូវល្អទេ ការសរសើរកូនថាឆ្លាត ផ្ដល់កំលាំងចិត្តឱ្យកូនខំប្រឹងប្រែងបន្តទៅទៀត។ កូនៗ មានភាពវ័យឆ្លាតរៀងខ្លួន ជាជាងការប្រៀបធៀប ឬបន្ដុះបង្អាប់កូន ការពោលពាក្យសរសើរ លើកទឹកចិត្តកូន បង្រៀនកូនឱ្យចេះប្រើភាសាវិជ្ជមាន គិតពីខ្លួនឯង និងអ្នកដ៏ទៃក្នុងផ្លូវវិជ្ជមាន។

៤. ពុកម៉ែ ឬម៉ាក់ប៉ាស្រលាញ់កូន ! ពាក្យសាមញ្ញតែអាចនឹងពិបាកនិយាយសម្រាប់ឳពុកម្ដាយមួយចំនួន។ ពាក្យសាមញ្ញតែមានន័យណាស់សម្រាប់កូន ជាភាសា ជាពាក្យសម្ដីប្រាប់កូនពីសេចក្ដីស្រលាញ់ដែលឳពុកម្ដាយមានចំពោះកូន។

៥. ពុកម៉ែ ឬម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់ ! បើទោះបីជាកូនមិនបានធ្វើអ្វីក៏ដោយ ការនិយាយថា “ម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់” បង្ហាញពីភាពរីករាយដែលមានកូន បញ្ជាក់ថាកូនជាមនុស្សដែលសំខាន់សម្រាប់ឳពុកម្ដាយ និងបង្ហាញថាឳពុកម្ដាយស្រលាញ់កូនជាកូន។

ភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន អាចមានច្រើនទម្រង់ណាស់។ ត្រូវបង្ហាញក្ដីស្រលាញ់របស់អ្នក ដោយប្រើភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន ដើម្បីឱ្យកូនបានដឹងទំហំនៃដួងចិត្តឪពុកម្តាយ។​ នេះបើតាមការស្រាវជ្រាវបង្ហាញដោយអង្គការយូនីសេហ្វកម្ពុជា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner