ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពត រួមគ្នាអភិរក្សព្រៃកោងកាង

កំពត៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាង តំបន់ឆ្នេរ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មានការចូលរួមពីប្រតិភូអមដំណើរ មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ។

មន្ត្រីជំនាញខាងក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពត មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ព្រៃកោងកាងដែលជាដែនជម្រកជីវៈចម្រុះ និងបានបង្ហាញមូលហេតុបាត់បង់ផ្សេងៗគ្នា។ ផ្ទៃដីព្រៃកោងកាងនៅក្នុងខេត្តកំពត ក៏ដូចជាខេត្តជាប់មាត់សមុទ្រ រហូតដល់បច្ចុប្បន្ននៅពុំទាន់មានការកំណត់បង្គោលព្រំ ឬទំហំឲ្យបានច្បាស់លាស់នៅឡើយទេ។

ព្រៃកោងកាង ស្ទើរពាក់កណ្តាលស្ថិតនៅក្នុងដីស្រែអ៊ូរសម្រាប់ផលិតអំបិល ដែលគ្រប់គ្រងដោយពលរដ្ឋ ខណៈដែលព្រៃកោងកាងតាមមាត់ឆ្នេរ ត្រូវបានបុគ្គល និងក្រុមហ៊ុនបំពានចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍ ខុសច្បាប់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យព្រៃកោងកាង ឈានទៅរកការបាត់បង់ស្ទើទាំងស្រុងបើពុំមានវិធានការការពារគ្រប់គ្រង និងអភិរក្សឲ្យបានទាន់ពេលវេលា។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ថ្លែងថា ខេត្តកំពត មានសក្ដានុពលខ្លាំង និងបានទាក់ទាញគម្រោងវិនិយោគជាច្រើន ពិសេសនៅតំបន់ឆ្នេរ ដែលមានការពាក់ព័ន្ធ នឹងព្រៃកោងកាង ដែលនាំឲ្យមានការរំលោភបំពាន និងចាក់ដីលប់ជាបន្តបន្ទាប់ និងធ្វើឲ្យបាត់បង់ព្រៃកោងកាងជាច្រើនហិកតា។

លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បញ្ជាក់ថា «ព្រៃកោងកាងស្ទើរពាក់កណ្តាល ស្ថិតនៅក្នុងដីស្រែអ៊ូរ សម្រាប់ផលិតអំបិល ដែលគ្រប់គ្រងដោយពលរដ្ឋ ដូច្នេះជំនាញជលផល មិនអាចគ្រប់គ្រង ឬបោះបង្គោលព្រំការពារ និងអភិរក្សបាននៅឡើយទេ»

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រាប់ថា ខេត្តកំពត-កែប មានទំហំផ្ទៃដីស្រែអ៊ូជាង ៩០០ហិកតា ប៉ុន្តែស្រែអ៊ូ ខ្លះមិនមានដុះព្រៃកោងកាងទៀតទេ ដោយសារការបោះបង់មិនផលិតអំបិល។

លោក ហាស់ សារ៉េត និងលោក ជាវ តាយ ដាក់កំណត់យន្តការជាគោលការណ៍ ក្នុងការអនុវត្តន៍ បញ្ជក់ថា ដើម្បីថែរក្សាអភិរក្ស និងការគ្រប់គ្រងព្រៃកោងកាង ក្នុងតំបន់ឆ្នេរឲ្យមានប្រសិទ្ធភាព ទាមទារចាំបាច់ត្រូវមានកិច្ចសហការ ពីជំនាញ និងមន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងក្រសួងកសិកម្ម ធ្វើបច្ចុប្បន្នភាពផ្ទៃដីព្រៃកោងកាង ដែលនៅសេសសល់ឲ្យបានជាក់លាក់ ដោយធ្វើផែនទីបោះបង្គោលព្រំ គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ដើម្បីនឹងបញ្ជូនឯកសារទៅគណៈកម្មការអន្តរក្រសួងពិនិត្យ និងដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់ដែនគ្រប់គ្រងឲ្យបានច្បាស់លាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner