អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងពិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១ នៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់

អត្ថបទដោយ៖
ធី ដា

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឣញ្ជើញជាឣធីបតីបើកយុទ្ធនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកពេទ្យជួរមុខ និងកងកម្លាំងប៉ូលីសដែលបានចូលរួមចាក់ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ដែលកិច្ចកម្មវិធីក៏មានការអញ្ជើញចូលរួមដោយ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា ជំងឺឆ្លងកូវីដ-១៩ គឺជាបញ្ហាសកល ដែលពិភពលោកបាននឹងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងដល់ខេត្តតាកែវ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ណែនាំឱ្យអនុវត្តិវិធានការសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន នឹងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅដែលធ្វើឡើងដោយការស្ម័គ្រចិត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ក្នុងកម្មវិធីចាក់វ៉ាក់សាំងទាំងអស់ ឲ្យយកចិត្តទុកដាក់ ផ្ដល់វ៉ាក់សាំងដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះអ្នកដែលត្រូវទទួលចាក់វ៉ាក់សាំងក៏ត្រូវគោរពតាមការណែនាំ របស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏បានអញ្ជើញសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យព្យាបាល និងសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ចំនួន១១៨នាក់ ព្រះសង្ឃចំនួន១អង្គ ព្រមទាំងបានចែកជូនថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner