ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីតាមដាន​វិវត្តន៍សភាពការណ៍ពាក់ព័ន្ធកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចំពោះកិច្ចដើម្បីតាមដាននៃការវិវត្តន៍សភាពការណ៍ពាក់ព័ន្ធជំងឺឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គ្រាដែលចំនួនអ្នកឆ្លង ត្រូវបានក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់ ។ ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចំពោះកិច្ច តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី លើកឡើងថា ក្រុមការងារនេះមានតួនាទីភារកិច្ចត្រូវធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃ រាយការណ៍ជូនអភិបាលរាជធានីភ្នំពេញពាក់ព័ន្ធស្ថានភាពវិវត្តន៍ទីតាំង នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការប្រើប្រាស់កម្លាំងចេញអន្តរាគមន៍បន្ថែម ការពារគោលដៅធ្វើចត្តាឡីស័កដែលរកឃើញថ្មី គោលដៅព្យាបាលជំងឺកូវីដ១៩ និងសកម្មភាពផ្សេងទៀតរបស់អាជ្ញាធរ សមត្ថកិច្ច មន្រ្តីសុខាភិបាល ដែលកំពុងអនុវត្តការងារប្រចាំថ្ងៃជុំវិញជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

 សូមបញ្ជាក់ថា ការចាប់ផ្តើមផ្ទុះរាលដាលជំងឺកូដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុបជាង៦០០នាក់ ចេញការពារគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដើម្បីពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់  ដែលជាការអនុវត្តលើវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩កុំឱ្យឆ្លងរាលដាលទៅសហគមន៍ផ្សេងទៀតធ្ងន់ធ្ងរ ។ ក្នុងនោះលោកស្នងការ បានប្រើកម្លាំងប្រចាំការ២៤ម៉ោងការពារនៅគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាល នឹងបានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តនិងម៉ូតូចុះត្រួតពិនិត្យពង្រឹងកម្លាំងនៅតាមគោលដៅនីមួយថែមទៀត។

សូមបញ្ជាក់ថា កាលពីប្រជុំផ្សព្វផ្សាយផែនការបន្ថែមកម្លាំងទៅការពារគោលដៅធ្វើ​ចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញ ជូនដល់លោកស្នង លោកស្រីស្នងការរង និងអធិការដ្ឋាននគរបាលខណ្ឌទាំ១៤ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១  ឯកឧត្តមក៏បានដាក់ផែនការ និងបទបញ្ជា ដល់អធិការទាំង១៤ខណ្ឌ ត្រូវដឹកនាំកម្លាំងការពារគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលជំងឺកូវីដ១៩ ចុះអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ ក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពារធ្វេសប្រហែសដោយចេតនា    រឺអចេតនាណាមួយ បង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករឺបុគ្គលព្យាបាលរត់គេច ទប់ស្កាត់មិនបានទាន់ពេលវេលាត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ និងចំពោះមុខច្បាប់៕ដោយ៖សំ វិចិ្ឆការ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner