ការដាក់សម្ពាធខ្លះដល់ខ្លួនឯង អាចបំផុសសក្ដានុពល និងជំរុញលទ្ធភាពការងារ

អត្ថបទដោយ៖
AMS

ក្រឹត្យក្រមធម្មជាតិរបស់មនុស្សរមែងមិនចូលចិត្តអារម្មណ៍រងសម្ពាធឡើយ មិនថាសម្ពាធពីអ្នកដទៃ ឬសម្ពាធដាក់ដោយខ្លួនឯង ប៉ុន្តែសម្ពាធខ្លះអាចជួយជំរុញលទ្ធភាពការងារ និងបំផុសសក្ដានុពលពីក្នុងខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជំរុញចិត្តឈានទៅសម្រេចការងារតាមគម្រោងដែលបានកំណត់។

លោក ប៊ុន ផាក នាយក​ប្រតិបត្តិក្រុមហ៊ុន Camazoon និងជាស្ថាបនិក WERead Asia យល់ឃើញថា បុគ្គលមិនដាក់សម្ពាធដល់ខ្លួនឯង ធ្វើកិច្ចការតាមចំណង់ ឬធ្វើតាមតែអ្វីដែលអាចធ្វើបាន បុគ្គលនោះនឹងបាត់បង់សេចក្តីព្យាយាមដើម្បីដោះស្រាយបញ្ហា និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។

លោកបានបន្ថែមថា “មានពាក្យមួយម៉ាត់បាននិយាយថា បើមិនបង្ខំខ្លួនឯងឱ្យទាល់ច្រកទេ ធ្វើម៉េចដឹងថាខ្លួនឯងមានសមត្ថភាពប៉ុណ្ណា ! យើងមិនមែនមានចេតនាទៅដាក់ខ្លួនឯងនៅក្នុងហានិភ័យទេ តែត្រូវដាក់សម្ពាធខ្លួនឯងទៅលើរឿងវិជ្ជមាន”។

លោក ប៊ុន ផាក បានបង្ហោះសំណេរប្តេជ្ញាចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងសង្ខេបអត្ថបទចេញពីសៀវភៅឱ្យបានយ៉ាងហោចណាស់ 52 ក្បាលក្នុងមួយឆ្នាំ ហើយធ្វើការងារនោះឱ្យបានមួយពាន់ថ្ងៃជាប់ៗគ្នា។ លោកបានពន្យល់ចំណុចនេះថា “សម្រាប់ខ្ញុំ ទីមួយវាជាការសន្យាចំពោះខ្លួនឯង ទីពីរវាជាការទទួលស្គាល់ពីអ្នកដទៃនៅលើបណ្ដាញសង្គម ដែលគេនឹងចាំមើលថាយើងធ្វើបានអត់។ មូលហេតុដែលខ្ញុំហ៊ានប្រកាសពីផែនការរបស់ខ្ញុំបែបនេះ ដោយសារខ្ញុំដាក់សម្ពាធឱ្យខ្លួនឯងថាត្រូវធ្វើឱ្យបាន យើងធ្វើបែបហ្នឹងដើម្បីកុំឱ្យខុសពាក្យសម្ដីរបស់ខ្លួនឯង កុំឱ្យអ្នកដទៃមើលមកថា ខ្ញុំធ្វើអត់បាន ចឹងខ្ញុំត្រូវតែខំ”។

ស្ថាបនិក WERead Asia រូបនេះបានបន្តថា មើលមួយភ្លែតការដាក់សម្ពាធប្រៀបដូចជាការកំណត់គោលដៅមួយដែលលើសពីសមត្ថភាពដែលខ្លួនមាន តែវាមិនត្រូវលើសលុបខ្លាំងពេកទេ ត្រូវសមល្មមតាមតែអាចប្រឹងប្រែងធ្វើបាន។ ប្រសិនបើលើសច្រើនខ្លាំងពេក វាអាចក្លាយជាសម្ពាធធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របាន។

សម្រាប់លោក ប៊ុន ផាក ការដាក់សម្ពាធដល់ខ្លួនឯងត្រឹមត្រូវនិងទទួលបានលទ្ធផលវិជ្ជមាន ត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់។ “ការដាក់សម្ពាធខ្លួនឯងប្រៀបដូចជាការកំណត់គោលដៅមួយ យើងត្រូវមើលលើចំណុចសំខាន់មួយចំនួន ទីមួយត្រូវកំណត់ឱ្យជាក់លាក់ថាខ្លួន​ឯងត្រូវធ្វើអ្វីឱ្យពិតប្រាកដ និងទីពីរត្រូវដឹងពីការទំហំនៃសម្ពាធរបស់យើងផង (Measurable) ថាតើត្រូវគ្នាជាមួយនឹងបទពិសោធន៍​ ចំណេះដឹង និងការយល់ដឹងរបស់យើងដែរឬទេ? ទន្ទឹមគ្នានេះទីបីត្រូវគិតដល់លទ្ធភាពដែលអាចធ្វើទៅបាន (Achievable) និងទីបួនការវាស់វែងពេលវេលា (Timely)”។

អ្នកជំនាញនៅអង្គការ HEDC-International ក៏បានលើកឡើងដែរថា ការស្ថិតក្រោមសម្ពាធវាជារឿងធម្មតាទេក្នុងជីវិត វាអាចជួយឱ្យមនុស្សចាប់យកសម្មភាព បង្កើនថាមពល ដើម្បីទទួលបានលទ្ធផលល្អ។ ប៉ុន្តែបើមនុស្សចាប់ផ្ដើមមានអារម្មណ៍តានតឹងខ្លាំង នោះវាអាចចាប់ផ្តើមក្លាយជាបញ្ហាហើយ។

ការដាក់សម្ពាធមិនសុទ្ធតែអាក្រក់ទាំងអស់ទេ ដាក់សម្ពាធខ្លួនឯងឱ្យដើរលើផ្លូវវិជ្ជមាន ខំប្រឹងឱ្យដល់គោលដៅ ផ្ដោតលើគោលបំណង និងសម្រេចក្ដីសុបិនរបស់ខ្លួន ប៉ុន្តែអាចស្ថិតក្នុងលក្ខខណ្ឌមួយដែលអាចទៅរួច ហើយមិនធ្វើបាបខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្ត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner