អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក និងសហការី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ។

លោក សូ សុខប៊ុនធឿន តំណាងធនាគារពិភពលោក បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីការត្រួតពិនិត្យទិន្នន័យនៃការគ្រប់គ្រងចំណូលថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមនៃការគ្រប់គ្រងចំណូល ដែលជាចំណុចគួរពិចារណាក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាព។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ដោយស្របតាមច្បាប់ និងអនុក្រឹត្យនានា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម និងផ្ទេរមុខងារឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានការផ្ដល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ហើយថ្នាក់ក្រោមជាតិមានសិទ្ធិប្រមូលចំណូលផ្ទាល់ និងចាត់ចែងជាចំណូលនៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា ចំណូលតាមរយៈអង្គភាពច្រកចេញចូលតែមួយ អាចគ្រប់គ្រងបានយ៉ាងល្អ ដោយសារមានប្រព័ន្ធក្នុងការគ្រប់គ្រង និងអាចកត់ត្រាដឹងពីប្រភពចំណូលតាមផ្នែក តាមវិស័យផងដែរ។

ឯកឧត្តម អគ្គនាយក បានបន្តថា ការគ្រប់គ្រងចំណូល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ប៉ុន្តែអាចដោះស្រាយបាន ដោយធ្វើយ៉ាងណាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមនានា រួមមាន ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ការធ្វើយ៉ាងណាឲ្យរដ្ឋបាលមូលដ្ឋានមានស្ថេរភាពក្នុងការគ្រប់គ្រង និងការកសាងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាការទទួលមុខងារ ធនធាន ក៏ដូចជាការចាត់ចែងធនធានរបស់ខ្លួនមានប្រសិទ្ធភាព មានគណនេយ្យភាព ឆ្លើយតបនឹងតម្រូវការនៅតាមមូលដ្ឋាន ហើយការកសាងសមត្ថភាពនេះត្រូវការការចូលរួម ការគាំទ្របច្ចេកទេស និងចែករំលែកបទពិសោធ របស់ធនាគារពិភពលោកផងដែរ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner