យុវសិស្ស គ ថ្លង់ និងពិការភ្នែក បានបង្ហាញ​ការយល់ដឹងអំពីវិធានការ ការពារកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយសិស្ស គ ថ្លង់ និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ហើយអ្វីដែលគិតថា ជាមោទនភាពដ៏កក់ក្តៅនោះ គឺការអប់រំរបស់គ្រូដល់សិស្សបានល្អ នូវសារអប់រំនៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីវិធានការ ការពារ កូវិដ-១៩។

ពិធីសំណោះសំណាលនេះ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ស្ថិតក្រោមការអនុវត្តវិធានសុវត្ថិភាព ក្នុងន័យអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្រ្តី និង ការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ ។

សិស្សនារី គ ថ្លង់ ឈ្មោះ សោម វណ្ណៈ រៀនថ្នាក់ទី១២ តាមរយៈនៃការបង្ហាញជាភាសារសញ្ញា និង ប្រែសម្រួលដោយអ្នកគ្រូប្រចាំថ្នាក់នោះ បានបញ្ជាក់ថា ជាទូទៅ សិស្ស គ ថ្លង់ និងពិការភ្នែកនៃវិទ្យាល័យអប់រំពិសេសសៀមរាប ទទួលបាន និងកំពុងបានអនុវត្តយ៉ាងពេញលេញ នូវវិធានការសុវត្ថិភាពនានាដែលព័ន្ធទៅនឹងកូវីដ១៩ ពិសេសគឺ វិធានការ ៣ការពារ ( ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល ) និងវិធានការ៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នាជាដើម។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងការចូលរួមរបស់សិស្សានុសិស្ស វាគឺជាជ្រុងមួយនៃភាពកក់ក្តៅ  រួមទាំងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងការប្រឆាំងទប់ស្កាត់ ជម្ងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ ការធ្វើចត្តាឡីស័ក វាជាប្រការដ៏ចាំបាច់ ហើយការគេចវេះ មិនព្រមទទួលយកការធ្វើចត្តាឡើស័ក វានឹងបង្ករឲ្យមានគ្រោះថ្នាក់ដល់សហគមន៍។  អាជ្ញាធរខេត្តបានដាក់បញ្ហាទាំងនេះជាក្តីកង្វល់ និងបានបង្កើតឲ្យមានគណៈកម្មការ ស្រាវជ្រាវ តាមដានបុគ្គលសង្ស័យជាប់ពាក់ព័ន្ធកូវីដ-១៩  ជាមួយនឹងការបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឃ្យូ អ័រ កូដ បញ្ឈប់កូវីដ-១៩ ផងដែរ​។

នៅក្នុងជំនួបសំណេះសំណាលនេះ ក្រៅពីការផ្តោតជាសំខាន់ទៅលើប្រធានបទ ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩  ក៏មានការអំពាវនាវឲ្យស្រ្តីភរិយាជាមាតា ជាមេផ្ទះ យកតួរនាទីរបស់ខ្លួន បំពេញភារកិច្ចឲ្យបានល្អ លើការងារថែទាំសុខភាព ដោយផ្តើមចេញពីខ្លួនយើង ឆ្ពោះទៅអ្នកជាទីស្រឡាញ់នៅវិញខ្លួន និងសង្គមជាតិទាំងមូល៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner