សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបានបញ្ជូនដល់ព្រឹទ្ធសភាហើយ

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃទី១០មីនា ឆ្នាំ២០២១ លោកស្រីមាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់នោះ តាក់តែងឡើងក្នុងគោលបំណងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់នោះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រជាឯកច្ឆន្ទ កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។ សេចក្តីព្រាងច្បាប់នោះ មាន ៦ជំពូក និង១៨មាត្រា ដែលបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ រួមជាមួយក្រសួងសុខាភិបាល ក្នុងបរិយាការណ៍ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលអាចបណ្តាលឱ្យមានភាពជ្រួលច្របល់ និងមានផលប៉ះពាល់ដ៏ធំធេងលើផ្នែកសុខភាពសាធារណៈ ពិសេសអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច ថែមទៀតផង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner