អភិបាលខេត្តបាត់ដំបងបន្តដឹកនាំក្រុមមន្រ្ដីជំនាញ ត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងក្នុងខេត្តបាត់ដំបង

អត្ថបទដោយ៖
ធី ដា

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃសទី១០មីនាឆ្នាំ២០២១ បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង ក្នុងនោះមានស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករដែលទើបមកពីប្រទេសថៃវិញ។ ពលករទាំងនោះ គ្រោងនឹងត្រូវយកមកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នោះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឲ្យពួកគាត់សួរសុខទុក្ខ នៅឲ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឲ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន ។

លោកអភិបាលខេត្ត បានបន្តណែនាំឲ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឲ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនោះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner