ទំព័រដើមPolitico 360AVI Voiceតួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំ​ពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ​ នឹ​ងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ​ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។

១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ?

វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។  តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ។ ផ្ទុយទៅវិញ បើយើងមកគិតមួយជំហានទៅមុខ ថាពេលដែលការរាតត្បាតនៃជំងឺនេះបានធូរស្រាលជាងមុន តើប្រទេសជាដៃគូទាំងអស់អាចរួមគ្នាយ៉ាងណា ដើម្បីឈានចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គមដែលយាយីដោយជំងឺនេះ។

២. តាមសមភាពយេនឌ័រដែលស្ត្រីមានសិទ្ធិស្មើបុរស ១០០% តើកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នឹងមានយន្តការអ្វីខ្លះក្នុងការជម្រុញ​ និងលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន?

វាគ្មិន៖ ក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ កម្ពុជានឹងដាក់ចេញឯកសារចំនួន ០២ច្បាប់ គឺ Chair Statement ដែលបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំកំពូលប្រទេសជាដៃគូ ដើម្បីប្រឈមនឹងបញ្ហាដែលតំបន់ទាំងពីរបានជួបប្រទះ ឯមួយវិញទៀតគឺ Phnom Penh Statement on Post Covid-19 Socio-economics Recovery។ ឯកសារទាំងពីរនេះនឹងរំលេចឲ្យចេញពិបរិបទដែលជំរុញសមភាពយេនឌ័រ ពិសេសចំពោះស្ត្រី និងកុមារ ជាក្រុមដែលមានហានិភ័យខ្ពស់។ ក្នុងចំណោមប្រធានបទទាំងអស់ យើងនៅកំពុងពិភាក្សារកធាតុសំខាន់សម្រាប់ដាក់ក្នុងឯកសារទាំងពីរនេះ តែយើងសង្កេតឃើញជារួមថា ប្រទេសជាដៃគូទាំងអស់បានយកចិត្តទុកដាក់លើការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គម ព្រមទាំងការថែរក្សាសុវត្ថិភាពរបស់ស្រ្តី និងកុមារ ជាពិសេសក្នុងស្ថានភាព និងបរិស្ថានដែលងាយរងការប៉ះទង្គិចបំផុត។ ចំពោះប្រទេសដែលកំពុងប្រឈមនឹងវិបត្តិសន្តិសុខ និងសេដ្ឋកិច្ច យើងបានដាក់ចេញនូវប្រធានបទមួយដើម្បីឲ្យមានការគាំពារស្រ្តីនិងកុមារ។ នៅក្នុង Phnom Penh Statement យើងបានពិនិត្យមើលប្រធានបទមួយចំនួនដែលផ្ដោតលើការចូលរួមរបស់ស្រ្តីក្នុងការលើកស្ទួយសេដ្ឋកិច្ចនិងសង្គម ជាពិសេសវិស័យ
សុខាភិបាល និងសន្តិសុខ។ កម្ពុជាជាប្រទេសនាំមុខគេក្នុងការលើកស្ទួយកិត្យានុភាពរបស់ស្រ្តីក្នុងការចូលរួមក្នុងយុទ្ធនាការ​​UN Peace Corp ដែលបានលើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងយុទ្ធនាការនេះ។ លើសពីនេះទៀត កម្ពុជាបានស្នើសុំនូវ Side Event ដែលហៅថា វេទិកាស្រ្តីដើម្បីសន្តិភាព និងសន្តិសុខ ដោយផ្តោតទៅលើការចូលរួមរបស់ស្រ្តីក្នុងការថែរក្សាសន្តិសុខ និងសន្តិភាព ហើយក៏ជាអនុវេទិកាដំបូងអមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដោយមានការគាំទ្រពីដៃគូរបស់វេទិកាអាស៊ី-អឺរ៉ុបទាំងអស់។

៣. តើលោកជំទាវរំ​ពឹងថា​នឹ​ងមានការកើនឡើងចំនួននៃ​អ្នកចូលរួមដែលជាស្រ្តី​​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះដែរឬទេ បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ​?

វាគ្មិន៖ ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ នេះដើមឡើយ គ្រោងប្រព្រឹត្តទៅនៅខែមិថុនា បែរជាត្រូវអូសបន្លាយទៅចុងឆ្នាំនេះវិញ ធ្វើឲ្យយើងពុំអាចវាយតម្លៃបានជាក់លាក់ពីចំនួនសមាសភាពអ្នកចូលរួមជាស្រ្តីមានប៉ុន្មានរូបក្នុងកិច្ចប្រជុំនៅឡើយទេ។ ទីមួយ យើងនៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីដើម្បីប្រព្រឹត្តវេទិកានេះនៅឡើយទេ និងទីពីរ នោះគឺ សមាសភាពដែលត្រូវចូលរួមមិនទាន់បានចុះឈ្មោះ។ ដោយឡែក កាលពីកិច្ចប្រជុំកំពូលលើកមុន ក្នុងចំណោមថ្នាក់ដឹកនាំទាំង ៥៣ មានសមាសភាពជាស្រ្តីចំនួន ១១ រូប ទៅហើយ ដូចជា អាល្លឺម៉ង់ ញ៉ូហ្សេឡែន អៀរឡង់ ហ្វាងឡង់ ន័រវែស និងដាណឺម៉ាក។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្រិតឧត្តមមន្រ្តី ក៏មានស្រ្តីជាអ្នកចូលរួមច្រើន ដែលពួកគាត់សុទ្ធសឹងតែជាធនធានដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ ជាពិសេសក្នុងការចរចារ និងវាយតម្លៃលើស្ថានភាពជាដើម។ យើងឃើញថា ប្រទេសថៃដែលជាប្រទេសសម្របសម្រួលសម្រាប់ប្រទេសជាសមាជិកអាស៊ាន ក៏ជាស្រ្តីដែរ ហើយប្រទេសវៀតណាមក៏សុទ្ធតែមានឆន្ទៈមោះមុតក្នុងការ​ជំរុញកិច្ចការងារក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក៏ជាស្រ្តីដែរ។ ជារួម យើងក៏សង្ឃឹមថា ក្នុងវេទិកានេះក៏មានកំណើនសមាសភាពជាស្រ្តីដែរ។

៤. ផ្អែកលើបទពិសោធន៍របស់ លោកជំទាវ (ផ្ទាល់) ក្នុងនាមជាស្រ្តីខ្មែរមួយរូបដែលកំពុងតែដើរតួនាទីស្នូលនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន តើលោកជំទាវអាចចែករំលែកបានទេថា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អឹរ៉ុបលើកទី១៣នេះ មានបញ្ហាប្រឈមអ្វីខ្លះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាត
កូវីដ-១៩នេះ?

វាគ្មិន៖ ដូចដែរយើងបានដឹងហើយថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះមិនមែនជារឿងសាមញ្ញនោះទេ ពីព្រោះនេះគឺជាកិច្ចប្រជុំកំពូលដ៏ធំមួយដែលមានបណ្ដាប្រទេសជាដៃគូចូលរួមដល់ទៅ៥៣ប្រទេស ហើយក៏ជាវេទិការនៃកិច្ចប្រជុំដ៏ធំជាងគេបង្អស់ដែលកម្ពុជាមិនដែលបានរៀបចំពីមុនមក។ ចំនុចនេះគឺជាបញ្ហាប្រឈមធំមួយ នៅពេលដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឹរ៉ុបនេះ យើងក៏ដឹងថានេះគឺជាកិច្ចការធំមួយដែលពិបាកនឹងរៀបចំដែរ។ យ៉ាងណាមិញ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជានៅតែព្យាយាមជំនះនូវរាល់ឧបសគ្គទាំងឡាយដើម្បីរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបមួយនេះឲ្យទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត នៅពេលដែលយើងបានចាប់ផ្ដើមតាំងចិត្តក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ យើងបានរៀបចំជា
គណៈកម្មការជាតិ និងអនុគណៈកម្មការចំនួន​ ៦ ដើម្បីទទួលបាននូវតួនាទីនៃការរៀបចំកិច្ចប្រជុំកំពូលនេះប្រកបដោយភាពជោគជ័យ ដូចនេះ កម្ពុជាបានត្រៀមខ្លូនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហាទាំងអស់នេះ។ 

នៅក្នុងបទពិសោធន៍ដែលខ្ញុំបានចូលរួមរៀបចំក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា កម្ពុជាក្នុងឆន្ទៈដ៏មោះមុតក្នុងនាមជាម្ចាស់ផ្ទះបានយកឈ្នះនូវរាល់ឧបសគ្គទាំងនេះ និងត្រៀមខ្លួនដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ។ ប៉ុន្តែ នៅក្នុងឆ្នាំ២០២០ ពេលដែលយើងចាប់ផ្ដើមត្រៀមរៀបចំកិច្ចប្រជុំដំបូង មិនត្រឹមតែកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ គឺមានប្រទេសដែលជាសមាជិកទាំងអស់ត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ហើយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយដែលយើងមិនបានគិតទុកជាមុន ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកប្រទេសជាដៃគូអាស៊ី-អឺរ៉ុបតែងតែលើកទឹកចិត្តដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំមួយនេះ។ យើងបានត្រៀមរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះដែលនឹងត្រូវប្រព្រឹត្តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយយើងបានដាក់ចេញនូវកាលបរិច្ឆេទ និងបានកំណត់នូវកិច្ចការ និងតួនាទីច្បាស់លាស់រួចជាស្រេចទៅហើយ។ ប៉ុន្តែដោយសារបរិបទនៃកូវីដ-១៩ បានធ្វើឲប៉ះពាល់ដល់ការវាយតម្លៃរបស់កម្ពុជាទៅលើស្ថានភាពអនាគតនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងមិនអាចកំណត់ច្បាស់លាស់ទៅលើហានិភ័យចំពោះកិច្ចប្រជុំនេះបានទេ។ នេះក៏ជាបញ្ហាចម្បងដែលយើងតែងតែវិភាគសម្រាប់បច្ចុប្បន្នភាពដើម្បីធានានូវសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកដទៃទៀតដែលពួកគាត់នឹងត្រូវចូលរួម និងធានានូវលទ្ធផលជោគជ័យសម្រាប់កិច្ចប្រជុំនេះ ដែលចំនុចទាំងពីរនេះជាកត្តាសំខាន់របស់កម្ពុជា ដែលយើងបានទទួលនូវការសម្រេចរបស់ សម្ដេចតេជោ
នាយករដ្ឋមន្រ្តី ក្នុងការស្នើឲ្យពន្យាពេលនៃកិច្ចប្រជុំពីខែវិច្ឆិកា ឆ្នាំ២០២០ មកខែមិថុនា ឆ្នាំ២០២១វិញ ប៉ុន្តែឆ្លងតាមរយៈកិច្ចប្រជុំឧត្ដមមន្រ្តីលើកទី២កន្លងទៅនេះ និងការតាមដាននៃស្ថានភាពនិងការវិវត្តន៍នៃជំងឺកូវីដ-១៩ យើងបានពិភាក្សាក៏ដូចជាស្នើសុំការគាំទ្រពីប្រទេសជាដៃគូអាស៊ី-អឺរ៉ុបដើម្បីលើកកិច្ចប្រជុំកំពូលទៅប្រព្រឹត្តនៅចុងឆ្នាំ២០២១នេះវិញ ហើយសមាជិកទាំងអស់ក៏បានឯកភាពជារួមដើម្បីលើកកាលបរិច្ឆេតនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបផងដែរ។

ជាក់ស្ដែង ដូចដែរខ្ញុំបានរៀបរាប់ពីខាងលើនេះហើយ វាមិនមែនជាការងារងាយស្រួលទេដែលយើងទទួលរៀបចំកិច្ចប្រជុំកំពូលដ៏ធំមួយនេះ ពីព្រោះយើងត្រូវដើរមួយជំហានៗ យើងត្រូវវិភាគនិងវាយតម្លៃតាមដានស្ថានភាពឲ្យបានហ្មត់ចត់ ពីព្រោះប្រសិនបើយើងដើរខុសមួយជំហានហានិភ័យសម្រាប់កម្ពុជានឹងកើតមានកាន់តែច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តឆន្ទៈដ៏មោះមុតក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ហើយយើងក៏សង្ឃឹមថានឹងរៀបចំកិច្ចប្រជុំនៅចុងឆ្នាំនេះតាមលក្ខណៈដោយផ្ទាល់ដែលអាចអនុញ្ញាតឲ្យថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបទាំងអស់ បានចូលរួមដោយពេញលក្ខណៈ​ ដែលនេះគឺជាលទ្ធផលប្រវត្តិសាស្រ្តមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ពីព្រោះខ្ញុំគិតថា កន្លងមកដែលមិនមានប្រទេសជាម្ចាស់ផ្ទះណាប្រឈមជាមួយនឹងបញ្ហា និងផលប៉ះពាល់ជាទ្រង់ទ្រាយសកលដូចជំងឺរាតត្បាតកូវីដ-១៩នោះទេ។

៥. ឆ្លងកាត់បទពិសោធន៍របស់លោកជំទាវជាង ០២ឆ្នាំមកនេះ តើអ្វីទៅជាមេរៀនដែលធ្វើឲ្យលោកជំទាវចងចាំជាងគេ និងមិនអាចបំភ្លេចបាននៅក្នុងជីវិត? 

វាគ្មិន៖ តាមបទពិសោធន៍នៅពេលដែល ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានចាត់តាំងខ្ញុំឲ្យចូលរួមក្នុងការជួយរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ខ្ញុំគិតថានេះគឺជាការប្រកួតប្រជែងមួយដែលមិនធ្លាប់បានទទួលពីមុនមកហើយ តែដោយមានឆន្ទៈថាទោះបីនេះជាកិច្ចការធំមែនតែយើងត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ យើងត្រូវដើរមួយជំហាន គិតទុកដប់ជំហានទៅមុខ ដើម្បីការពារនូវហានិភ័យដែលអាចនឹងកើតឡើង។ យ៉ាងណាមិញក៏នៅតែមានបញ្ហាខ្លះដែលយើងគិតមិនដល់ដូចជាជំងឺរាតត្បាតកូវីដ-១៩ជាដើម។ ជាក់ស្ដែង បទពិសោធន៍ក្នុងឆ្នាំ២០២០ នៅពេលដែលយើងត្រូវត្រៀមរៀបចំកិច្ចប្រជុំកម្រិតឧត្ដមមន្រ្តីដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាប ហើយតាមកាលវិភាគមួយសប្ដាហ៍ក្រោយមក យើងក៏នឹងត្រូវរៀបចំ ASEM DAY ដែលគ្រោងធ្វើនៅទីតាំងមុខវត្តបុទុមវត្តី ដែលកាលវិភាគនេះគឺជិតគ្នាមែនទែន។ ដូចនេះការប្តេជ្ញាចិត្តគឺជារឿងដ៏សំខាន់ ហើយយើងក៏មានក្រុមការងារមួយដែលពួកគាត់មានការប្រឹងប្រែងខ្ពស់ និងមានសមត្ថភាព ក៏ដូចជាការប្តេជ្ញាយ៉ាងមោះមុតក្នុងការចូលរួមរៀបចំរាល់អ្វីៗគ្រប់យ៉ាង សម្រាប់កិច្ចប្រជុំថ្នាក់ឧត្ដមមន្រ្តីនេះ និងទទួលប្រទេសជាសមាជិកដែលនឹងត្រូវចូលរួម ហើយក៏មានប្រទេសជាសមាជិកភាគច្រើនបានចុះឈ្មោះក្នុងកិច្ចប្រជុំមួយនេះ។ ជាអកុសលក្នុងពេល២ថ្ងៃមុននឹងការមកដល់នៃកិច្ចប្រជុំ ដោយសារតែមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅតំបន់អឺរ៉ុប ក៏មានការស្នើសុំឲ្យមានការលើកពេលនៃកិច្ចប្រជុំកម្រិតឧត្ដមមន្រ្តីនេះ។ នេះបង្ហាញថាបើទោះបីជាយើងបានរៀបចំនូវផែនការ និងយុទ្ធសាស្រ្តច្បាស់លាស់រួចហើយក៏នៅមានបរិបទមួយផ្សេងទៀតមករារាំង ដែលយើងមិនអាចគិតទុកជាមុន ហើយក្នុងន័យនេះបងចង់ចែករំលែកថា យើងត្រូវត្រៀមទាំងកាយនិងចិត្ត ដើម្បីប្រឈមនឹងរាល់ហានិភ័យដែលអាចនឹងកើតមានឡើងដែលមិនអាចគិតទុកមុន។ 

ដោយឡែកក្នុងការរៀបចំ ASEM DAY ដែលបានធ្វើនៅមុខវត្តបុទុមវត្តីនោះ គឺដោយសារបរិបទនៃកូវីដ-១៩ ក្នុងប្រទេសកម្ពុជា មិនទាន់មានការវាយប្រហារខ្លាំងក្លានៅឡើយទេ ហើយយើងក៏បានរៀបចំកម្មវិធីនេះដោយជោគជ័យដែលជាមោទកភាពរបស់យើង ប៉ុន្តែភាពជោគជ័យនេះមិនមែនងាយស្រួលក្នុងការទទួលបាននោះទេ​ គឺយើងត្រូវប្ដេជ្ញាចិត្តខ្ពស់ និងមានការជួយជ្រោមជ្រែងពីក្រុមការងារផងដែរ។ ការធ្វើការហត់នឿយនិងជួបនូវឧបសគ្គជាច្រើននៅពេលនេះ គឺជាបទពិសោធន៍របស់យើងសម្រាប់ការឈានទៅរកកិច្ចប្រជុំកំពូល ហើយក៏យើងដឹងដែរថាវាមិនមែនជាភាពងាយស្រួលនោះទេក្នុងការរៀបចំកិច្ចប្រជុំកំពូលមួយនេះ។ ប្រសិនបើយើងទទួលបានជោគជ័យ វានឹងប្រែក្លាយទៅជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា និងជាមោទកភាពមួយសម្រាប់ប្រជាជនកម្ពុជាយើង ព្រោះនេះគឺជា​​    ឱកាសដ៏ធំមួយសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់នៅក្នុងកិច្ចប្រជុំដែលមានប្រទេសជាសមាជិកចូលរួមរហូតដល់ទៅ ៥៣ប្រទេស បើសិនយើងក្រឡេកមើលទៅក្នុងក្របខណ្ឌ ASEM គឺមានការផ្លាស់ប្ដូរប្រទេសជាដៃគូធ្វើជាម្ចាស់ផ្ទះ ដោយក្នុងរយៈពេល ៥០ ឆ្នាំទៀតទើបកម្ពុជាអាចទទួលធ្ចើជាម្ចាស់ផ្ទះជាថ្មីម្ដងទៀត។ 

ដូច្នេះ បទពិសោធន៍នេះគឺជាមេរៀនសម្រាប់យើងសម្រាប់ការរៀបចំកិច្ចប្រជុំ ASEM នាពេលខាងមុខទៀត ក៏ដូចជាកិច្ចប្រជុំផ្សេងៗទៀតផងដែរ ហើយបងក៏តែងតែព្យាយាមលើកទឹកចិត្តខ្លួនឯង និងប្អូនៗក៏ដូចជាក្រុមការងារទាំងអស់ដើម្បីឲ្យពុះពាររាល់ឧបសគ្គក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ឲ្យទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យខ្ពស់។

AMS-AVIVoice-Women’s Role in ASEM13

***********

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

អ្នករៀបចំអត្ថបទ៖ កញ្ញា ជិន ដាវណ្ណ និងលោក ទន់ លីណាសុផាឬទ្ធិ

- Advertisement -spot_img
spot_img
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម