ត្រីងៀតឆ្ងាញ់ចាញ់សន្ទុះផ្អក និងប្រហុករបស់អ្នកខេត្តកំពង់ចាម

កំពង់ចាមជាខត្តមួយដែលមានភាពល្បីល្បាញក្នុងការកែច្នៃត្រីស្រស់ជាអាហារទុកបម្រុងមិនចាញ់ខេត្តនានានៅតាមដងទន្លេសាបនោះទេ។ អាហារទុកបានយូរដែលប្រជាជនខ្មែរនិយមបរិភោគទាំងនោះរួមមាន ត្រីងៀត ផ្អក និងប្រហុកជាដើម។ 

លោក​ សេង សុខឃីម​ ម្ចាស់​សិប្បកម្ម«​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​»​ មានទីលំនៅស្ថិតនៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ប្រាប់​ AMS​ថា លោក​បាន​កែច្នៃ​ និង​ប្រកប​អាជីវកម្ម​ធ្វើត្រីងៀត​នេះ​ប្រមាណ5ឆ្នាំហើយ​ ​ដែល​ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ត្រូវបានទទួល​បានការចាប់អារម្មណ៍​គាំទ្រច្រើនពីអតិថិជន​ និងមានការ​បញ្ជាទិញ​ជាហូរហែ។ 

លោក​បានឱ្យ​ដឹង​ថា​៖«​ដំបូង​ឡើយ​ ការកែច្នៃ​ផលិតផល​ត្រីងៀត​ ខ្ញុំធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ ដោយយាយតា​របស់ខ្ញុំ​ គឺជា​អ្នក​ប្រកបរបរ​នេះ​​។ ក្រោយមក​ទើបអាជីវកម្ម​ត្រីងៀត​​របស់ខ្ញុំ​ក៏បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​ក YouTube​ ពី​បច្ចេកទេស​នៃ​ការ​ប្រឡាក់ត្រី​ ការរៀប​ចំ​អនាម័យ​ ប្រសើរ​ជាង​អ្វី​ដែលអ្នកដទៃ​ធ្លាប់​បាន​អនុវត្ត​ គួបផ្សំ​ និង​ប្រវត្តិ​​គ្រួសារ​របស់ខ្ញុំ​ ​ ទើបបានធ្វើ​ឱ្យ​មាន​ការ​​ទទួលស្គាល់​ច្រើនឡើង​ៗ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​»។

ផលិតផលត្រីងៀតរបស់លោកទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក ពិសេសតាមបុរីធំៗ និងក្រៅប្រទេសដូចជា​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អ៊ី​តា​លី​ ជប៉ុន​ កូរ៉េជាដើម។ ​លោកបានបន្តឱ្យដឹងថាកាលពីមុនក្នុង 1ខែកែច្នៃត្រីងៀត​បាន​ជាង​30គីឡូក្រាម​ ឬក៏2​-3ខែ​អាច​បាន​ជាង​ 90​គីឡូក្រាម​នៅពេលដែលទីផ្សាររីកចម្រើនខ្លាំង ដោយបច្ចុប្បន្នមួយគីឡូក្រាមត្រីងៀតសាច់គាត់លក់បានក្នុងតម្លៃ 65,000រៀល និងតម្លៃខុសៗគ្នាទៅតាមប្រភេទត្រី។ ដ្បិតវាមានតម្លៃខ្ពស់បន្តិចមែន តែវាមានគុណភាព រសជាតិ និងអនាម័យល្អ។ 

ដោយឡែកក្នុងរយៈពេលប្រមាណ 3-4 ខែចុងក្រោយនេះការផលិតត្រីងៀតហាក់បង្អង់ដៃដោយសារគេផ្ដោតខ្លាំងទៅលើទីផ្សារក្រៅប្រទេស តែការនាំត្រីងៀតចេញទៅក្រៅប្រទេសត្រូវបានបិទដោយសារការរីករាលដាលនៃជំងឺកូវី-19។ លោកបានបញ្ជាក់ទៀតថា ដោយសារការធ្វើត្រីងៀតនេះត្រូវចំណាយពេលសម្រិតសម្រាំង និងពិបាកដឹកជញ្ជូនផងនោះ គាត់ក៏បន្ថយដៃក្នុងការផលិតប្រមាណ50ភាគរយ ហើយសម្រុកមកធ្វើប្រហុក និងផ្អកវិញ។ 

លោក​ សុខឃីម បានបន្តទៀតថា ឆ្នាំនេះគាត់បានសម្រុកធ្វើផ្អក និងប្រហុកច្រើនជាងត្រីងៀត ដោយគាត់បានប្រមូលទិញត្រីទុកធ្វើផ្អក និងប្រហុកអស់ខ្ទង់ម៉ឺនដុល្លារទៅហើយ។ ផលិតផលពីរមុខនេះទទួលបានការបញ្ជាទិញច្រើន ជាពិសេសអ្នកទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តឆ្ងាយៗដូចជា ប៉ោយប៉ែត ប៉ៃលិន និងភ្នំពេញ ដោយក្នុង 1​ខែគាត់លក់អស់ប្រមាណជិត500គីឡូក្រាមនេះរាប់តែប្រហុកសម្រាប់ស្លរប៉ុណ្ណោះ។ ផលិតផលប្រហុក និងផ្អកនេះទៀតសោតមានច្រើនប្រភេទទៅតាមការបញ្ជាទិញពីសំណាក់អតិថិជនដូចជា ប្រហុកត្រីចម្រុះ ប្រហុកត្រីអណ្ដែង ប្រហុកត្រីផ្ទក់ ផ្អកត្រីប្រាជាដើម។ យ៉ាងណាមិញ គាត់មិនមែន​មានតែ​ផលិតផល​​ត្រីងៀត​ ប្រហុក​ ផ្អកនោះទេ​ គាត់ក៏មាន​ផលិត​ផល​កែ​ច្នៃត្រី​ច្រើនមុខទៀត ​រួមមានដូចជា ​ត្រីងៀត​ត្រីរ៉ស់​ ត្រីងៀត​ប្រភេទ​ឆ្តោ​ ត្រី​កន្ធរ​ ត្រីប្រឡាក់​​ ត្រីផាត់​ ផ្អកកំពឹស និង​ងៀត​គោ​ជាដើម៕ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner